ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមស្នើ និងលើកទឹកចិត្តឱ្យម្ចាស់ដីឡូតិ៍ និងសំណង់ផ្ទះល្វែងប្រើប្រាស់យន្តការច្រកចេញចូលតែមួយ

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាការងារជាមួយម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដាខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងលោក លោកស្រីម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង ដែលមានទីតាំងនៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម។

បន្ទាប់ពីបទបង្ហាញស្តីអំពីប្រកាសលេខ០៨៧ ដ.ន.ស ប្រក/នីក. របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការអភិវឌ្ឍដី និងប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់របស់សមាជិកនៃអង្គប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈក្នុងការបម្រើសេវាគ្រប់រូបភាពជូនប្រជាពលរដ្ឋ។ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនតូចដែលសំណូមពរឱ្យបងប្អូនយើងទាំងអស់ មានការអធ្យាស្រ័យ យោគយល់ សម្រាប់ការយឺតយាវក្នុងប្រការណាមួយ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ដើម្បីឱ្យមានការគាំទ្រ និងជំនឿជាក់ពីអតិថិជនរបស់ខ្លួន អ្នកនិយោគ ត្រូវរៀបចំឯកសារគតិយុត្តិឱ្យបានសមស្រប តាមនិតិវិធី និងបច្ចេកទេសដែលបានណែនាំ។ ជាមួយគ្នានេះ ម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង ត្រូវរៀបចំ និងចងក្រងឯកសារឱ្យបានត្រឹមត្រូវ មុនដាក់មកជំនាញ ព្រោះឯកសារដែលត្រឹមត្រូវជាមូលដ្ឋានគ្រឹះនៃការជំរុញការផ្តល់សេវាឱ្យបានលឿន និងបង្កើនជំនឿទុកចិត្តដល់អតិថិជនរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើ និងលើកទឹកចិត្តឱ្យម្ចាស់ដីឡូតិ៍ ម្ចាស់សំណង់ផ្ទះល្វែង និងបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់យន្តការច្រកចេញចូលតែមួយ ក្នុងការមកទទួលសេវាសាធារណៈរបស់រដ្ឋ។ សម្រាប់លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវប្រកាន់ខ្ជាប់យន្តការច្រកចេញចូលតែមួយដែលបានកំណត់ដោយរាជរដ្ឋាភិបាល និងមិនត្រូវចាត់ការលើឯកសារណាមួយដែលមិនបានប្រើប្រាស់យន្តការច្រកចេញចូលតែមួយ ដើម្បីជៀសវាងការការចោទប្រកាន់អំពើពុករលួយមកលើមន្ត្រីជំនាញរបស់ខ្លួន។ បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញ ត្រូវតាមដានលើការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រី ដែលបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋ និងត្រូវចាត់វិធានការច្បាប់ចំពោះមន្ត្រីដែលបង្កភាពយឺតយ៉ាវក្នុងការបម្រើសេវា និងទាមទារកម្រៃក្រៅសេវាជាដើម៕

 

pda

Leave a Reply

Your email address will not be published. Required fields are marked *