ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌមានករណីអគ្គិភ័យកើតឡើងចំនួន៨លើក

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានហេតុការណ៍អគ្គិភ័យកើតឡើងចំនួន ៨លើក បង្កការឆាបឆេះខូចខាតទ្រព្យសម្បតិ្តមួយចំនួនធំ ប៉ុន្តែមិនបានបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬបានបាត់បង់ជីវិតនោះទេ។

យោងតាមរបាយការណ៍របស់ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២០កញ្ញាបានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃរវាងពីថ្ងៃទី ១៦ដល់ ១៨កញ្ញាឆ្នាំ២០២០ គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងខេត្តមួយចំនួន រួមមាន ៖ ខេត្តព្រៃវែងកើតឡើង ១លើក, ខេត្តកណ្តាល១លើក, ខេត្តសៀមរាប១លើក, ខេត្តកំពង់ចាម១លើក, ខេត្តត្បូងឃ្មុំ១លើក, ខេត្តព្រះវិហារ២លើក និងខេត្តតាកែវ ១លើក។

តាមរបាយការណ៍ដដែលបង្ហាញថា ការឆាបឆេះទាំងនោះ គឺបង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី និងការប្រើប្រាស់ភ្លើង។ ការឆាប ឆេះទាំងនោះ បានបំផ្លិចបំផ្លាញ លំនៅឋានប្រជាពលរដ្ឋចំនួន ៥ខ្នង , កុដិលោក ១ខ្នង, សាលាឆាន់ ១ខ្នង, យានដ្ឋាន ១កន្លែង។
ដោយឡែកការឆាបឆេះមួយដែលបានកើតឡើងនៅក្នុងផ្សារសំរោងយ៉ោង ខេត្តតាកែវ នៅក្នុងថ្ងៃទី១៧កញ្ញា បានបំផ្លិចបំផ្លាញតូបលក់ដូរក្នុងផ្សារអស់ចំនួន២៣០តូបក្នុងចំណោមតូបសរុប ដែលមានចំនួន ២៨៣តូប៕

 

pda

Leave a Reply

Your email address will not be published. Required fields are marked *