ព័ត៌មានជាតិ

តំណាងក្រសួងពាក់ព័ន្ធចុះវាយតម្លៃទំហំខូចខាតនិងបង្ហាញកំហុសនិងកង្វះខាត របស់ ក្រុមហ៊ុនមួយនៅស្រុករតនមណ្ឌលដែលធ្លាយទឹកកខ្វក់ចូលស្ទឹងសង្កែ

បាត់ដំបង៖ តំណាងអន្តរក្រសួងនិងមន្ទីរពាក់ព័ន្ធចំនួន៥មាន៖ បរិស្ថាន ,កសិកម្ម ,ធនធានទឹក ,សង្គមកិច្ចនិង អតីតយុទ្ធជន ,និង ឧស្សាហកម្មវិទ្យាសាស្ត្រ និងនវា នុវត្តន៍ បានចុះវាយតម្លៃផលប៉ះពាល់ និង ចង្អុលបង្ហាញនូវកំហុសឆ្គង និង កង្វះខាត របស់ក្រុមហ៊ុនអឺកាងខេមបូឌៀគ្រុប មានទីតាំងនៅស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ដែលបានធ្លាយ សារធាតុកខ្វក់ចូលស្ទឹងសង្កែនាពេលកន្លងមក។

លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះបានធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុនផ្ទាល់នៅស្រុករតនមណ្ឌល តាំងពីម៉ោង៩ព្រឹកដល់ ម៉ោងជាង២ រសៀលថ្ងៃទី១៧ ខែមិថុនា ។

លោកបញ្ជាក់ថាអន្តរក្រសួងចុះមកនេះដើម្បីបង្ហាញពីផលប៉ះពាល់ និង កំហុសឆ្គង និងកង្វះខាតឲ្យក្រុមហ៊ុនទទួលស្គាល់ ដើម្បីឲ្យកែលម្អ ហើយបន្តឈានទៅពិន័យនិងចាត់ការតាមផ្លូវច្បាប់។

លោក កត បូរាណបានបង្ហាញពីកំហុសរបស់ក្រុមហ៊ុន អឺកាងខេមបូឌៀគ្រុប ដែលមានក្រុមហ៊ុនតូចៗ ចំនួនបួន កំពុងដំណើរការនោះ គឺកំហុសទី១ មិនទាន់មានច្បាប់អនុញ្ញាត នៅឡើយ តែដំណើរការមុន ទី២ ក្រុមហ៊ុនខាងលើបានពង្រីក សាខាបួនក្រុមហ៊ុនតូចៗ ដែល ក្រសួងពាក់ព័ន្ធទើបចុះវាយតម្លៃផលប៉ះពាល់នានា ទើបតែបានមួយក្រុមហ៊ុនប៉ុណ្ណោះ និង មានកង្វះខាតផ្សេងៗទៀត។

លោកប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថាបន្ទាប់ពីប្រជុំវាយតម្លៃផលប៉ះពាល់និងបង្ហាញពីកំហុសឆ្គងនិង កង្វះខាតរបស់ក្រុមហ៊ុនខាងលើហើយ អន្តរក្រសួងនឹងតម្រូវឲ្យបំពេញនូវចំណុចខ្វះខាត ព្រមទាំងមានវិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនខាងលើតាមក្រោយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែឧសភា ក្រុមហ៊ុនឈ្មោះហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ក្នុងចំណោមក្រុមហ៊ុន៤របស់ ក្រុមហ៊ុន អឺកាងខេមបូឌៀគ្រុបមានទីតាំងនៅស្រុករតនមណ្ឌល ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗ បានធ្លាយសារធាតុពុល ចូលក្នុងទឹកស្ទឹង សង្កែប៉ែកខាងលើបណ្តាលឲ្យត្រីងាប់ពេញស្ទឹង ។ តាមការពិសោធន៍របស់ក្រសួងបរិស្ថាន បង្ហាញថា ជាតិពុលដែលបណ្តាលឲ្យត្រីងាប់ ក្នុងស្ទឹងសង្កែ ប៉ែកខាងលើនោះ គឺដោយសារមានសារធាតុអាស៊ីត ហើយភ្លាមៗអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបានចុះឲ្យក្រុមហ៊ុនបិទខ្ទប់កន្លែងលេចធ្លាយនិងធ្វើការបន្សាបជាតិអាស៊ីតក្នុងទឹកស្ទឹងសង្កែ ដែលមកទល់ពេលនេះទឹកស្ទឹងលែងមានផលប៉ះពាល់ទៀតហើយ គឺវិលមកសភាពដើមវិញ ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *