ភ្នំពេញ: ថ្ងៃទី២៣ ខែមិថុនា ឆ្នា២០២១ រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) បានជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ នៅទីស្តីការក្រសួងបរិស្ថាន។ លោករដ្ឋមន្រ្តីការបេទេសអង់គ្លេសបានមកដល់កម្ពុជាកាលពីយប់ថ្ងៃទី២២ខែមិថុនា ដើម្បូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ចំពោះខ្លឹមសារនៃជំនួបរបស់លោករដ្ឋមន្រ្តីទាំងពីមិនទាន់ត្រូវបានផ្តល់ជូនលំអិតនៅឡើយទេ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ គឺបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានរួច រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
ឯកឧត្តមដូមីនិក រ៉ាអាប់ បានដឹកនាំគណៈប្រតិភូអញ្ជើញតាមយន្តហោះពិសេសបានមកដល់កម្ពុជាដោយសុវត្ថិភាពហើយនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ផ្តើមមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ឯកឧត្តម ដូមីនិក រ៉ាអាប់ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ៕