ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅខេត្ដឧត្ដរមានជ័យ

ឧត្តរមានជ័យ: ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កង​ទ័ពជើងគោកបានអញ្ជើញពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាល​ជំងឺកូវីដ-១៩ កម្រិត​ស្រាល និងមន្ទីរពេទ្យព្យាបាលកម្រិតធ្ងន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ​ដែលវិល​ត្រឡប់​មកពីប្រទេសថៃ នៅក្នុងខេត្ដឧត្ដរមានជ័យ។ ការចុះពិនិត្យនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដោយសារមួយ​រយៈ​កន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករដែលមកពីប្រទេសថៃ​មាន​ផ្ទុកជំងឺកូវីដ-១៩ ជាច្រើននាក់គួរឱ្យព្រួយបារម្ភ ម្យ៉ាងទៀតទីតាំងមួយចំនួនក៏មានការ​ពេញ​ផងដែរ។ ឯកឧត្តមបានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលមួយរយៈនេះ បានខិតខំប្រឹងប្រែងយកអស់​កម្លាំងកាយចិត្តអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។

សូមបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរក​ឃើញ​ជំងឺកូវីដ-១៩ ចំនួន ២ ២២២ នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន ២ ០៦០ នាក់ ករណីឆ្លងក្នុងសហគមន៍ ចំនួន១៦២នាក់ បានព្យាបាលជាសះស្បើយ ចំនួន៤៨៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ១ ៧២៩ នាក់ និងស្លាប់ចំនួន០៤នាក់៕

pda

Leave a Reply

Your email address will not be published. Required fields are marked *