ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្មលោកជំទាវអញ្ជើញ​ចូលរួមកាន់បិណ្ឌវេនទី​៧នៅវត្តមង្គលសិរី​កៀនឃ្លាំង

នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទ បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ លោកបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងជនរួមជាតិទាំងនៅទីជិតទីឆ្ងាយឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងជាពិសេសអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩។ ចំពោះពិធីកាន់បិណ្ឌថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមឲ្យថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទទាំងអស់ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានជាច្រើនបាននាំយកមកប្រគេនព្រះចៅអធិការព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមង្គលសិរីកៀនឃ្លាំង៕

pda

Leave a Reply

Your email address will not be published. Required fields are marked *