ព័ត៌មានជាតិ

ឯកឧត្តម អ៊ិត សំហេង ណែនាំដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន

ភ្នំពេញ ៖ នាឱកាសអញ្ជើញប្រកាសក្រុមការងារយុវជនខណ្ឌ​ និងសង្កាត់ទាំង៧​ ក្នុងខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ដែលទើបបានតែងតាំងថ្មី ដោយត្រូវខិតខំដឹកនាំក្រើនរំលឹកដល់យុវជនគណបក្ស ដែលត្រូវបានប្រគល់ភារកិច្ចឲ្យទទួលបន្ទុកការងារនៅតាមមូលដ្ឋាន និងអង្គភាពនានាដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌ អនុវត្តឲ្យបានល្អត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងយកចិត្តទុកដាក់អនុវត្តការងារគណបក្សឲ្យបានខ្ជាប់ខ្ជួន និងពង្រឹងពង្រីកប្រជាប្រិយភាពរបស់ គណបក្សនៅមូលដ្ឋាន ព្រមទាំងខិតខំថែរក្សា និងចូលរួមពង្រីកសមិទ្ធផលនានារបស់គណបក្ស ដែលបានកសាងនៅមូលដ្ឋានប្រើប្រាស់ជាផលប្រយោជន៍រួម។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសង្គម និងសេដ្ឋកិច្ចជាតិ មានការរីកចម្រើន លូតលាស់ ជាលំដាប់ក្នុងរយៈពេលជាងមួយទសវត្សន៍ចុងក្រោយនេះ ហើយប្រែក្លាយកម្ពុជាពីប្រទេសដែល មានចំណូលកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប។

ឯកឧត្តមបន្តថា ក្នុងនីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និង ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងនោះការពង្រឹងអភិបាលកិច្ចល្អ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈគឺជាផ្នែកមួយសម្រាប់ ឲ្យយើងទាំងអស់គ្នាអនុវត្តប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងប្រកបដោយជំនឿទុកចិត្ត លើកកម្ពស់ការយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋកាន់តែប្រសើឡើង។

ជាមួយគ្នានេះកម្ពុជាកំពុងធ្វើដំណើរ យ៉ាងរឹងមាំលើមាគ៌ា ដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍសង្គម ដោយខិតខំប្រឹងប្រែង ពុះពា ឆ្មុះឆ្មុល ជម្នះ គ្រប់ឧបសគ្គប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្ដីសង្ឃឹម ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសដ៏ឈ្លាសវៃ និងប៉ិនប្រសប់ បច្ចុប្បន្នមន្ត្រីគណបក្សគ្រប់ថ្នាក់កំពុងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ដឹកនាំរបស់គណបក្សគឺ ‘‘សមូលភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ’’ និងអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។

ឯកឧត្តមបណ្ឌិត បានផ្តល់នូវប្រាក់ឧបត្ថម្ភដល់សមាជិកសមាជិកានៃក្រុមការងារយុវជនគណបក្សខណ្ឌ និងសង្កាត់ទាំង ០៧ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ២០,០០០រៀល និងបានជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារយុវជនទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

តាំងនាមឲ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង លោក ធឹម សំអាន បានសម្ដែងនូវមនោសញ្ចេតនារំភើបរីករាយឥតឧបមា និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំ និងគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង ដែលបានផ្ដល់ទំនុកទុកចិត្តតែងតាំងយើងខ្ញុំជាប្រធាន ជាសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង និងសង្កាត់ទាំង ៧ នាពេលនេះ និងប្តេជ្ញាប្រឹងប្រែងបំពេញតួនាទីភារកិច្ចតាមគោលនយោបាយរបស់គណបក្សដែលបានប្រគល់ជូន ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕

pda

Leave a Reply

Your email address will not be published. Required fields are marked *