ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត សហការជាមួយអង្គការស្វីសខន់ថាក់ រៀបចំពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ក្រោមអធិបតី ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និង លោក Christian Volker lde ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខន់ថាក់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្តទាំង០៥ រួមមាន: ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្តមណ្ឌលគីរី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំផ្ទះសំណាក់ពេជ្រាដា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ឲ្យដឹងថា ពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤នេះ ក្នុងគោលបំណងចំបងធំៗ ចំនួន០២ ទី១.គាំទ្រប្រពន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឲ្យកាន់តែមានប្រសិទ្ធភាព ទី២. បង្កើតឱកាសការងារ និង បង្កើនប្រាក់ចំណូលដល់យុវជនទាំងបុរស-ស្ត្រី ដែលងាយរងគ្រោះ និង ការវិនិយោគ និយោជិតដែលមានកំរិតជំនាញទាប។
លោកបន្តថា ដើម្បីសម្រេចគោលបំណងទាំង២ខាងលើ ក្នុងកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ត្រូវដាក់ចេញនូវអន្តរគមន៍សំខាន់ៗចំនួន០៤រួមមាន ៖ ទី១.ពង្រឹងគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព។ ទី២.ជំរុញវិធីសាស្ត្រនវានុវត្តសម្រាប់អភិវឌ្ឍជំនាញ ស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារការងារ។ ទី៣.បណ្តុះបណ្តាលសម្រាប់យុវជនដែលងាយរងគ្រោះ ប្រកបដោយគុណភាពលើជំនាញបច្ចេកទេសសហគ្រិនភាព ដែលទទួលបានប្រាក់ឈ្នួល ឬ ប្រកបរបរដោយខ្លួនឯង និងទី៤. ផ្តល់ការបណ្តុះបណ្តាលផ្នែកបដិសណ្ឋាកិច្ចនៅតាមសហគ្រាស បុគ្គលិក កម្មករ និងអ្នកគ្រប់គ្រងអាជីវកម្ម ក្នុងវិស័យបដិសណ្ឋាកិច្ច ទាំងបណ្តាមន្ទីរទេសចេរណ៍ខេត្ត ក្នុងវិស័យឯកជន។
លោក Christian Volker lde ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ បានឲ្យដឹងថា គោលបំណងរបស់អង្គកាស្វីសខន់ថាក់ គឺ គាំទ្រវិស័យឯកជន និង ការលើកស្ទួយវិស័យការងារ វិស័យទេសចរណ៍ទៅថ្នាក់ឯកជន និង អភិវឌ្ឍជំនាញឲ្យមានគុណភាព ដើម្បីប្រកួតប្រជែងនៅលើផ្សារអន្តរជាតិ ក្នុងការលើកកម្ពស់ការរស់នៅរបស់យុវជនក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២នេះ ពិតជាមានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា មាសបៃតង ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើត និង បង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និង រួមចំណែកដល់កាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានោះ ឯកឧត្តម ក៏ជំរុញដល់អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសមន្ទីរទេសចរណ៍ខេត្តទាំង៥ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការស្វីសខន់ថាក់ ឲ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕