ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស (NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវិស័យសកម្មភាពមីននៅកម្ពុជានិងបានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមថា អង្គការ NPA បានចូលរួមការងារសកម្មភាពមីននៅកម្ពុជា អស់រយៈពេលជាងទសវត្សរ៍ ក្នុងនោះរួមមានការបោសសម្អាតមីននិងគ្រាប់បែកចង្កោម ការលើកកម្ពស់សមត្ថភាពថ្នាក់ជាតិនិងការបង្ហាត់សុនខហិតមីននៅកម្ពុជាផងដែរ។
លោកស្រី Portia Stratton បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈ និងគោលដៅច្បាស់លាស់ ដើម្បីដោះស្រាយសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោកស្រី បានបង្ហាញអំពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្ស តាមរយៈអង្គការ NPA នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីននៅឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ញើលិខិតសម្តែងការសោកស្ដាយចំពោះមន្រ្តី NPA ពីរនាក់ គឺលោក Stephen “Luke” Atkinson និង លោក Trent Lee ដែលបានបាត់បង់ជីវិតនៅកោះសូឡូម៉ុន ដោយសារការផ្ទុះគ្រាប់បែក តាមរយៈ លោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីននៃអង្គការ NPA ប្រចាំនៅកម្ពុជា៕