ខេត្តសៀមរាប ៖ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានប្រគល់ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ខេត្តសៀមរាប ចំនួន ៣២១,០៣៥,០០០រៀល។
នៅក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍ថានេះជាលើកទី២ ហើយដែលកងពលធំអន្តរាគមន៍លេខ២ បាននាំយកនូវថវិកាដែលបានមកពីការស័្មគ្រចិត្តចូលរួមវិភាគទានរបស់នាយទាហាន ពលទាហាន ដែលស្របនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែរបានថ្លែងក្នុងពិធីសម្ពោធឲ្យដំណើរការជាផ្លូវការនៃ មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរលោកមេបញ្ជាការ ក៏បានធ្វើការកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចលើការងារមនុស្សធម៌បានយ៉ាងល្អដើម្បី ជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា ហើយការងារដ៏វិសេសវិសាលនេះត្រូវបានប្រជាពលរដ្ឋផ្ដល់ការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ននេះ។
គួរជម្រាបជូនថា គិតមកដល់ពេលនេះ ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានមកពីការស័្មគ្រចិត្តចូលរួមវិភាគទានរបស់នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមន៍លេខ២ សរុបមានចំនួន៥៦៦,១១០,០០០រៀល ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ខេត្តសៀមរាប៕