ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឲ្យលោកអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ប្រចាំកម្ពុជាដើ​ម្បីសម្តែងការគួរសមនិ​ងណែ​នាំខ្លួន

ភ្នំពេញៈ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃអង្គារ ២រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jongsoo Shin អគ្គនាយកថ្មីនៃផ្នែកងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងណែនាំខ្លួនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះលោក Jongsoo Shin ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ហើយតាមរយៈលោក ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលថ្មីៗ នេះភាគីកូរ៉េបានអនុញ្ញាតឲ្យកម្ពុជា នាំចេញស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ទីផ្សារកូរ៉េ។ចំពោះជំនួបនារសៀលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជន ក្រសួងបានធ្វើការកំណែទម្រង់ទាំងគោលនយោបាយ និងផែនការសកម្មភាព ដោយផ្តោតភ្ជង់សំខាន់ទៅលើផលិតកម្មពូជសុទ្ធ ការធ្វើកសិកម្មចម្រុះ និងដំណាំកសិ-ឧស្សាហកម្ម ដូចជាចេកអំបូងលឿង ស្វាយ ដំឡូងមី ដំឡូងបារាំង ពោត ។ល។ ជំរុញវារីវប្បកម្ម និងផលិតកម្មសត្វ បែបទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងតម្រូវការនៃទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក កាត់បន្ថយការនាំចូល។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីឲ្យការងារទាំងអស់នេះសម្រេចទៅបានដោយជោគជ័យ ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពោលគឺតាមការអនុវត្តអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-និងសហគមន៍”។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិរបស់លោកអគ្គនាយក លោកនឹងព្យាយាមប្រឹងប្រែងអស់លទ្ធភាព ដើម្បីអនុវត្តអភិក្រមខាងលើ សហការទាំងផ្នែករដ្ឋ និងគៀងគរផ្នែកឯកជនមកវិនិយោគ ឫទិញផលិតផលកសិកម្មកម្ពុជា ដោយអនុវត្តតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍។
លោកអគ្គនាយក Jongsoo Shin ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើននៃការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ទាំងវិស័យកសិកម្មផងដែរ។ ហើយលោកក៏បានសារទរចំពោះវត្ដមានរបស់ស្វាយស្រស់កម្ពុជានៅទីផ្សារកូរ៉េ ដែលកំពុងទទួលបាននូវតម្លៃយ៉ាងល្អ និងមានការគាំទ្រជាច្រើនពីប្រជាជនកូរ៉េ។ ដោយលោកក៏ជាអ្នកជំនាញផ្នែកកសិកម្ម និងមានបទពិសោធន៍ច្រើនក្នុងការអភិវឌ្ឍជនបទ ការផលិតនិងបង្កាត់ពូជដំណាំ និងរុក្ខជាតិ
និងក្នុងតួនាទីរបស់លោកជាអគ្គនាយកនៃផ្នែកងារ KOTRA
លោកនឹងព្យាយាមប្រឹងប្រែងយកចំណេះដឹង ចំណេះធ្វើ និងពុទ្ធិកដែលទទួលបានពីជំនួបនារសៀលនេះ យកទៅផ្សព្វផ្សាយ ពន្យល់ និងទាក់ទាញវិនិយោគិនកូរ៉េមកវិនិយោគនៅកម្ពុជា សហការជាមួយមន្ត្រីជំនាញក្រសួង រួមគ្នាបន្តការអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *