ខេត្តព្រះសីហនុ ៖ លោកស្រី យ៉ែម សមន្ថា ដែលគេស្គាល់ច្បាស់ថា ជាស្រ្តីជាខ្លាំងរឿងរកស៊ីដីធ្លីនោះ ត្រូវបានក្រុមកម្មករសំណង់មួយក្រុមដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោយពេលស្រ្តីរូបនេះជំពាក់លុយចំនួន៨០០០ដុល្លារ ជាថ្លៃសាងសង់របងថ្មទីតាំងដីមួយកន្លែងស្ថិតក្នុងភូមិលេខ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បងស្រីឈ្មោះ សុង សុជាតា អាយុ៤៣ឆ្នាំ ជាតំណាងឲ្យក្រុមកម្មករសំណង់បាននិយាយថា រូបគាត់បានម៉ៅការសាងសង់របងថ្មពីស្រ្តីឈ្មោះ ឃឹម សមន្ថា លើទីតាំងដីមួយកន្លែងត្រង់ចំណុចជាប់នឹងផ្លូវខាងមុខ ឃ្លាំងស្តុបប្រេង (ក្រុមហ៊ុនស្តេលា) ស្ថិតក្នុងក្នុងភូមិលេខ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុក្នុងតម្លៃសរុប ៦១,០០០ដុល្លារ (ប្រាំមួយម៉ឺនមួយពាន់ដុល្លារសហរដ្ឋអាមេរិក) ដោយមានកិច្ចសន្យា និងកុងត្រាត្រឹមត្រូវចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
បងស្រីបានបន្តថា កិច្ចការសាងសង់របងបានយ៉ាងរលូនជាមួយនិងប្រាក់ទូទាត់ចំនួន៤ដំណាក់កាលសរុបចំនួន៥២,៣២៨ដុល្លារ (ប្រាំម៉ឺនពីរពាន់បីរយម្ភៃប្រាំបីដុលា្លរ)។ តែចុងក្រោយ ខណៈកិច្ចការសាសង់របងបានបញ្ជប់រួចរាល់ជាស្ថាពរ បែរជាស្រ្តីឈ្មោះ យ៉ែម សមន្ថា មិនព្រមទូទាត់លុយដែលសល់ចំនួនប្រមាណ ៧,៣២៨ដុល្លារឲ្យដល់ក្រុមកម្មករឡើយ បើទោះជាក្រុមកម្មករព្យាយាមតាមទារយ៉ាង ណាក៏ដោយ។
បងស្រីបន្តទៀតថា ចុងក្រោយក្រុមកម្មករគ្មានជំរើសក៏បានដាក់ពាក់បណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តតែម្តងទៅដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយ ហើយក្នុងករណីស្នងការដ្ឋាននគរបាលខេត្តមិនអាចដោះស្រាយបាន ក្រុមកម្មករនឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តបន្តដើម្បីរកដំណោះស្រាយតាម ផ្លូវច្បាប់ឲ្យខានតែបាន។
ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុន មេត្តា ជាអ្នកមើលការខុសត្រូវ និងលោកស្រី យ៉ែម សមន្ថា បានធ្វើការបញ្ជាក់ថា មួលហេតុមិនទាន់ឲ្យលុយគ្រប់ ដោយសារតែរបងថ្មខាងលើនេះសាងសង់មិនទាន់ ត្រឹមត្រូវតាមស្តង់ដា៕