ព័ត៌មានជាតិ

ឋមន្ត្រីពាណិជ្ជកម្មស្នើនិស្សិតអាហារូបករណ៍ ទៅសិក្សាក្រៅប្រទេសជួយផ្សព្វផ្សាយពីវឌ្ឍនភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ឆ្នាំសិក្សា ២០២០-២០២១ ជួយផ្សព្វផ្សាយអំពី សក្តានុពលវិនិយោគនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិត បរទេសនិងប្រជាជនអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ ដើម្បីលើកស្ទួយកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

សំណើនេះត្រូវបានលើកឡើងនាឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយបេក្ខជនជ័យ លាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីបេក្ខជនជ័យលាភីចំនួន ២៧រូប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនជ័យលាភី ក្នុងការចូលរួមការប្រកួតប្រជែងអាហារូបករណ៍រហូតទទួលបានជោគ ជ័យក្លាយជាជ័យលាភី និងផ្តល់សារដល់បេក្ខជនជ័យលាភីទាំងអស់ថា «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឱ្យប្រជាជន និងវិនិយោគិនបរទេស ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសយើង។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតមកពីប្រទេសផ្សេងៗ»។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក ដោយការអនុវត្តកម្មវិធីកំណែទម្រង់ និងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន ដូចជាការធ្វើប្រតិភូកម្មជូនទៅបណ្តាខេត្តជាប់ព្រំដែនចំនួន ១៦ មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (CO Form D) ដើម្បីនាំចេញកសិផលទៅតំបន់អាស៊ីអាគ្មេយ៍ ការធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មខេត្តអាចមានសិទ្ធិអំណាចក្នុងការរៀបំពិព័រណ៍នៅតាមខេត្ត បានធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្មនិងសេវាកម្ម ការធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតឲ្យប្រកបមុខរបរលោហ ធាតុត្បូងថ្មមានតម្លៃ គ្រឿងអលង្ការគ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណនៅតាមទីផ្សារ និងការរៀបចំក្រុមការងារចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្នុងនោះមានក្រុមការងារចំនួន ៨ ក្រុមទទួលបន្ទុកប្រទេស រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនបានបញ្ចប់ការចរចានឹងត្រូវចុះហត្ថលេខានាពេលខាងមុននេះ។

ដោយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងពាណិជ្ជកម្មបានបង្កើត ក្រុមការងារដើម្បីតាមដានថ្លៃទំនិញមួយចំនួន ដែលក្រុមការងារនេះបានតាមដានជាប់ជាប្រចាំនូវថ្លៃទំនិញដែលចាំបាច់បំផុត ដើម្បីបម្រើជីវភាព ប្រចាំថ្ងៃនិងត្រៀមធ្វើអន្តរាគមន៍ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាជន។ ស្ថិតក្នុងស្ថានភាព COVID-19 ដើម្បីធានានូវចរន្តផ្គត់ផ្គង់ចំពោះទំនិញនាំចេញ-នាំចូល ក្រសួងពាណិជ្ជកម្មបាន សម្របសម្រួលជាមួយអាជ្ញាធរប្រទេសជិតខាង សំដៅរក្សាប្រក្រតីភាពទំនិញចាំបាច់ បើទោះជាមានការរិតត្បិតក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក៍ដោយប៉ុន្តែទំនិញនាំចេញនាំចូលមួយចំនួននៅតែអាចធ្វើការនាំចេញនាំចូលបាន និងមានវត្តមាននៅលើទីផ្សារដូចមុនមាន COVID-19 ដែរ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរដល់ប្រតិភូនិស្សិតអាហារូបករណ៍ទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងបានផ្តាំផ្ញើ ឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាថ្មីៗ និងបទពិសោធន៍ល្អៗពីការសិក្សាដើម្បីវិលត្រឡប់មកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល នាពេលអនាគត។

សូមជម្រាបថាកម្មវិធីអាហារូបករណ៍អូស្រ្តាលី (Australia Awards) គឺជាគម្រោងជំនួយឥតសំណង សម្រាប់ជួយពង្រឹង ការអភិវឌ្ឍធនធានមនុស្ស ផ្តួចផ្តើមឡើងដោយ រាជរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី ចាប់តាំងពីឆ្នាំ ១៩៩៤ ដើម្បីផ្តល់ឱកាសជូនប្រជាជនកម្ពុជាវ័យក្មេងទៅបន្តការសិក្សាថ្នាក់ក្រោយឧត្ដម សិក្សាលើមុខជំនាញផ្សេងៗនៅតាមសាកល វិទ្យាល័យល្បីៗក្នុងប្រទេសអូស្រ្តាលី គិតមកដល់ឆ្នាំ ២០២០នេះ មាននិស្សិតកម្ពុជាចំនួនជាង ៨០០ នាក់ហើយ ដែលទទួលអាហារូបករណ៍នេះ។

ចំណែកឯអាហារូបករណ៍រដ្ឋាភិបាលណូវ៉ែលហ្សេឡង់គឺជាគម្រោងជំនួយឥតសំណង មានគោលបំណង ក្នុងការអភិវឌ្ឍភាពរុងរឿង និងស្ថេរភាពរួមគ្នា ដោយពឹងផ្អែកលើចំណេះដឹង និងជំនាញ ដែលនិសិ្សតអាហារូបករណ៏ខ្មែរ បានក្រេបជញ្ជក់ពីសាលាល្អៗលំដាប់ពិភពលោក នៅឯប្រទេសណូវ៉ែលហ្សេឡង់។ រដ្ឋាភិបាលណូវ៉ែលហ្សេឡង់បានផ្តល់ឱកាសអាហារូបករណ៍នេះដល់និសិ្សតកម្ពុជាចាប់តាំងពីឆ្នាំ ២០០៥ មក ដែលក្នុង១ឆ្នាំៗ មាននិស្សិតប្រមាណ ៣៥ នាក់បានជាប់អាហារូបករណ៍នេះដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសណូវ៉ែលហ្សេឡង់៕

pda

Leave a Reply

Your email address will not be published. Required fields are marked *