ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តចែកជូនប្រជាពលរដ្ឋក្រីក្រជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា និងជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិចំនួន ២០៦គ្រួសារ មកពីឃុំចំនួន២ គឺឃុំសាមឃួយ និងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ១បេ ស្មើនឹង២៥ គីឡូក្រាម ភួយ១ មី១កេស ត្រីទឹកត្រី១យួរ និងត្រីខ១យួរ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកសេសាន កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕