ព័ត៌មានជាតិ

ប្រធានក្រុមការងារចុះខេត្តកំពង់ស្ពឺជំរុញឲ្យក្រុមការងារបន្តយកចិត្តទុកដាក់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានស្នើឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជារដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងវិញនៅរលកទី២។

ការស្នើបែបនេះរបស់ឯកឧត្តមធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមលោកជំទាវសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាជាច្រើនរូបទៀត ។

ជាមួយគ្នានោះ ឯកឧត្តម​រដ្ឋមន្រ្តី ក៏បានណែនំា និងផ្តល់អនុសាសន៍ មួយចំនួន​ដើម្បីក្រុមការងារទាំងអស់យកទៅអនុវត្តបន្ត ក្នុងនោះ ក្រុមការងារទាំងអស់ត្រូវបន្តការងារចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានរបស់ខ្លួន និងព្យាយាមបន្តដោះស្រាយបញ្ហា និងកង្វល់ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋដែលនៅសេសសល់។ បន្តពង្រឹង និងប្រកាន់ភ្ជាប់តួនាទី ភារកិច្ចរបស់អង្គភាពខ្លួន ដើម្បី​ដោះស្រាយបញ្ហាប្រឈមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍនៅមូលដ្ឋាន​មាន​ប្រសិទ្ឋ​ភាព និងតម្លាភាព។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ លទ្ធផលដែលក្រុមការងារសម្រេចបានតាមរយៈការចុះរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានសង្កាត់មាន០៦វិស័យ ដូចជា ៖ ១.វិស័យការងារ ២.វិស័យគ្រប់គ្រងដីធ្លី ៣.វិស័យបរិស្ថាន ៤.វិស័យអភិបាលកិច្ច ៥.វិស័យធនធានទឹកនិងឧតុនិយម ៦.វិស័យសាធារណការ និងដឹកជញ្ជូន ៧.វិស័យអគ្គិសនី ៨.ការផ្តល់សេវាគ្រប់ប្រភេទ ដោយទទួលបាននូវបញ្ហាប្រឈមចំនួន៤៦ បានឆ្លើយបំភ្លឺដោះស្រាយបានចំនួន១៨ និងកំពុងដោះស្រាយ២៨។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា ​របាយការណ៍​​បូកសរុបលទ្ធផលការងាររយៈពេល៩ខែមកនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំរបស់ក្រុមការងារក្រុង ស្រុកទាំងអស់ក្នុងការរៀបចំវេទិកាសាធារណៈដើម្បីស្តាប់នូវកង្វល់ និងសំណូមពរផ្សេងៗ នៅមូលដ្ឋាន និងបង្ហាញឲ្យឃើញពីការរីកចម្រើនលើគ្រប់វិស័យដែលជាផ្លែផ្កាបានមកពីកត្តាសុខសន្តិភាព ​​និងស្ថេរភាពនយោបាយក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

pda

Leave a Reply

Your email address will not be published. Required fields are marked *