ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា ការទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្ដល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ ពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើតភាពជាដៃគូ។
នេះគឺជាការលើកឡើងរបស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែង បង្កើតរៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តន៍ គោលនយោបាយយុទ្ធសាស្ត្រផែនការកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមា នូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយក៏ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់បានឆ្លើយតបទាំងស្រុងនៅឡើយទេជាពិសេសការផ្ដល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។
ឯកឧត្ដមបានបន្ដថា បន្ទាប់ពីក្រសួង សង្គមកិច្ច បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិ របស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និង បណ្ដុះបណ្ដាលជាច្រើនវគ្គសម្រាប់អនុវត្តន៍ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិសំដៅពង្រឹង សមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានាទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះប្រកបដោយ សុវត្ថិភាព។
ឯកឧត្ដមបានបន្ថែមថា គោលនយោបាយនេះ ធានាបាននូវជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិព្រមទាំងទទួលបាននូវសិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសមាគមដោយជោគជ័យជាស្ថាពរទទួលបានការឧបត្ថម្ភទាំងផ្នែកសម្ភារ និងស្មារតី ពិសេសសេវាសុខភាព ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះជាថ្មី និងការរើសអើង៕