ព័ត៌មានជាតិ

សាលាចំនួន២០ ក្នុងចំណោមសាលា១០១ របស់ខេត្តព្រះសីហនុត្រូវបានជ្រើសរើសធ្វើការប្រឡងប្រណាំងសាលាគំរូ និងសាលាមេត្រីបរិស្ថាន

ខេត្តព្រះសីហនុ ៖ លោកជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីផ្សព្វផ្សាយស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត  អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា ខេត្តមានសាលាចំនួន១០១ មត្តេយ្យ១ បឋមសិក្សា៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ៩ និងសាលាគរុកោសល និងវិក្រឹតការ១។ គោលបំណងនៃសាលាគំរូ សាលាមេត្រីបរិស្ថានត្រូវបានធ្វើការផ្សព្វផ្សាយឆ្លើយតបទៅនឹងចតុស្តម្ភនៃការអប់រំរបស់ក្រសួងឱ្យសិស្សមានចំណេះដឹងចំណេះធ្វើមានឥរិយាបថល្អ ចេះយោគយល់អធ្យាស្រ័យគ្នាប្រកបដោយសេចក្ដីសុខ និងមានការអភិវឌ្ឍផ្នែកចំណេះដឹង។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា គោលដៅសាលារៀនគំរូ សាលាមេត្រីបរិស្ថានត្រូវបានកំណត់ដោយសួចនាករដើម្បីធ្វើការប្រកួតប្រជែងជាមួយថ្នាក់ជាតិ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតឆ្លើយតបនឹងការអប់រំនៅសតវត្សទី២១ គឺអប់រំសិស្សឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាព្រោះសាលាជាថ្នាលបណ្តុះចំណេះដឹងចំណេះធ្វើលោកនាយក នាយិកាត្រូវរៀនសូត្រពីកន្លែងផ្សេងដើម្បីប្រែក្លាយសាលាទៅជាសាលាគំរូ សាលាមេត្រីបរិស្ថានយើងត្រូវមានឆន្ទៈក្នុងកាទទួលខុសត្រូវ និងតម្លាភាពជាគំរូល្អដល់សិស្សហើយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធចូលរួមគាំទ្រត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ ។

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ប្រទេសជឿនលឿនត្រូវការធនធានមនុស្សផ្នែកវិន័យ និងការអប់រំការបណ្តុះបណ្តាលធនធានមនុស្សទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។

លោកជំទាវក៏បានកោតសរសើររដ្ឋបាលខេត្តតែងតែជួយលើការងារអប់រំ ហើយការផ្សព្វផ្សាយស្តីពីសាលាគំរូ សាលាមេត្រីបរិស្ថាននៅខេត្តព្រះសីហនុ ដោយជ្រើសរើសយកសាលាចំនួន២០ ក្នុងចំណោមសាលា១០១ ធ្វើការប្រឡងប្រណាំង ដូច្នេះលោកនាយក នាយិការត្រូវមានគំនិតឆ្នៃប្រឌិតនៃសក្ខុវិស័យប្រកបដោយការទទួលខុសត្រូវ មានតម្លាភាព ត្រួតពិនិត្យតាមដាន វាយតម្លៃក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់សម្តេចតេជោមាន ៥ចំណុចសំខាន់: ភាពស្អាត មានរបៀប សុភាពរាបសារ ទៀងពេល និងមានសមាធិ។ លោកជំទាវសង្ឃឹមថា លោកនាយក នាយិការ ខិតខំបំពេញនូវសូចនាករទាំងនេះ ធ្វើការប្រឡងប្រណាំងតាមសាលារៀងៗខ្លួនឱ្យទទួលលទ្ធផលផ្លែផ្កានាពេលខាងមុខ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *