មណ្ឌលគិរីៈសមត្ថកិច្ចនគរបាលបានចាប់ខ្លួនជនម្នាក់ដែលយកកាំបិតកាប់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលបណ្តាលឱ្យរបួស។លោកផេងសាវននាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុមបានរងនូវរបួសដៃផ្នែកខាងឆ្វេងបន្ទាប់ពីចុះបង្ក្រាបករណីហឹង្សាមួយក្នុងស្រុកកែវសីមាក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី២ខែតុលាឆ្នាំ២០២០។
យោងតាមការសាកសួរក្នុងករណីនេះនៅវេលាម៉ោង៣និង៤១នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមបានទទួលបណ្តឹងពីឈ្មោះភីចិន្តាភេទស្រីត្រូវជាប្អូនថ្លៃជនសង្ស័យបានរាយការណ៍មកសមត្ថកិច្ចថាមានករណីហឹង្សាបម្រុងដុតផ្ទះខ្លួនឯង។ក្រោយពីទទួលព័ត៌មានរួចលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់គោលដៅកើតហេតុឃើញជនសង្ស័យចាក់សាំងចោលវិញ។
លោកមេប៉ុស្តិ៍បានបន្តថាៈភ្លាមនោះជនសង្ស័យបម្រុងគេចខ្លួនកម្លាំងនគរបាលក៏បានសួរនាំស្រាប់តែជនសង្ស័យបានទាញកន្ត្រៃចេញពីហោប៉ាវរួចជ្រុះគ្រឿងញៀន១កញ្ចប់តូច។ឃើញដូចនោះកម្លាំងបានឃាត់ខ្លួនតែជនសង្ស័យបានរត់ទៅផ្ទះអ្នកជិតខាងទាញយកកាំបិតផ្គាក់រួចក៏យកមកដេញកាប់សមត្ថកិច្ចបណ្ដាលឱ្យលោកនាយប៉ុស្តិ៍រងរបួសនៅដៃផ្នែកខាងឆ្វេង។ពេលនោះក៏បានប្រតាយប្រតប់គ្នាបណ្តាលឱ្យជនសង្ស័យបែកក្បាលទើបបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ជនសង្ស័យឈ្មោះ សំចំរើនផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ មានស្រុកកំណើតភូមិកំពង់ក្របីឃុំស្វាយប៉ោស្រុកបាត់ដំបងខេត្តបាត់ដំបង។បច្ចុប្បន្ននៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងរួមមាន:
១/សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។២/ កាំបិតផ្គាក់ចំនួនមួយ,៣/ទូរស័ព្ទដៃចំនួន២គ្រឿង(អិនចុចពិល)និងកំពុងឃុំខ្លួនក្នុងប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម ដើម្បីបន្តនីតិវិធី៕