ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២០នៅសាលាខេត្តព្រះវិហារមានបើកកិច្ចប្រជុំក្រុមការងារជំរុញណែនាំនិងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្ត។កិច្ចប្រជុំនេះលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារជាអធិបតីបានដាក់ចេញនូវវិធានការ៤ចំណុចសម្រាប់យកទៅអនុវត្តន៍បន្ត។
ទី១,ឯកភាពតាមទិសដៅដែលបានលើកឡើងនិងសូមលេខាធិការដ្ឋានក្រុមការងារសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីបន្តចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ និងត្រូតពិនិត្យ ពីការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍បន្ថែមទៀត ស្របតាមគោលការណែនាំ។
ទី២,ក្នុងដំណាក់កាលចំពោះមុខ ត្រូវធានាឱ្យបាននូវការមិនឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវគោរពឱ្យបាននូវការប្រតិបត្តិតាមវិធានសុវត្ថិភាពនិងអនាម័យដែលជាមូលដ្ឋាននៃការកសាង ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន នៃការចាប់ផ្ដើមឡើងវិញ នៃវិស័យ ទេសចរណ៍ នៅក្នុងខេត្ត និងក្នុងប្រទេសទាំងមូល។
ទី៣,ទន្ទឹមនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមយន្តការនៃគណៈកម្មការ អភិវឌ្ឍ ទេសចរណ៍ខេត្ត សូមមន្ទីរទេសចរណ៍ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសហការជាមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ដើម្បីពង្រឹង បន្ថែមនូវការគ្រប់គ្រង គោលដៅទេសចរណ៍ ដែលមានស្រាប់ ដូចជាសហគមន៍ទេសចរណ៍ សហគមន៍គោលដៅទេសចរណ៍ និងអភិវឌ្ឍ ពង្រីក បន្ថែមទៀត នូវគោលដៅទេសចរណ៍ថ្មីៗ ដោយផ្សារភ្ជាប់នូវមូលដ្ឋានជនបទដើម្បី ទាក់ទាញ ភ្ញៀវទេសចរបន្ថែមទៀត។
ទី៤,មន្ទីរទេសចរណ៍ ត្រូវសហការជាមួយ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ ផ្សេងទៀត ដើម្បីរៀបចំយន្តការ គ្រប់គ្រងគោលដៅទេសចរណ៍នៅភ្នំត្បែងឱ្យបានត្រឹមត្រូវ និងធានាបាន នូវប្រសិទ្ធភាព និរន្តរភាព បរិស្ថាន។
លោក ប្រាក់ សុវណ្ណ បានថ្លែងថាៈក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដោយបានសហការជាមួយអង្គការសុខភាពពិភពលោកនិងភាគីពាក់ព័ន្ធផ្សេងៗ បានធ្វើឲ្យប្រទេសកម្ពុជាទប់ស្កាត់បានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
ដោយគ្មានការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍ទេមានតែការករណីឆ្លងនាំចូលពីក្រៅប្រទេសតិចតួចហើយក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយជាច្រើនពិសេសមិនមានករណីស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជានោះ៕