ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកាលពីល្ងាចថ្ងៃទី៥ខែតុលាឆ្នាំ២០២០បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅទំនប់អាងទឹក៧មករានិងតាមសណ្តរស្ទឹងដែលអាចយាយីពីជំនន់ស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញនិងខេត្តកណ្តាល ។
លោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមចុះទៅកាន់ទំនប់អាងទឹក៧មករាបន្ទាប់ពីកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង ៥ រសៀលនេះបានឡើងដល់កម្ពស់ ៧,៤ ម៉ែត្រ ។បើធៀបនឹងកម្ពស់ទឹកព្រឹកមិញគឺបានហក់ឡើង០,៣ម៉ែត្រលើសកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។
ពេលនេះក្រុមការងាររបស់ក្រសួងបានបើកទ្វារទឹកទាំង៤ ទ្វារដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួន ២គឺផ្លូវនាំទឹកទី១តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី ២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់ ។
ស្ថានភាពទឹកស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្រសួងធនធានទឹកនិងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤ គ្រឿង, បាវខ្សាច់ធំចំនួន ១.០០០ បាវ, បាវខ្សាច់តូចចំនួន ២០.០០០ បាវ, សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ ២៤ ម៉ោងឱ្យនៅបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀងដែលអាចបង្កការលិចលង់ដល់លំនៅស្ថានប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រប្រឈម៕