ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃអង្គារ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសភាពការបច្ចុប្បន្នពាក់ព័ន្ធនិងគ្រោះហន្តរាយ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងនៅតាមបណ្តា ក្រុង ស្រុក នានាក្នុងខេត្តស្វាយរៀងកើតឡើង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានា លោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្តតាមដានពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយសារទឹកភ្លៀងឱ្យបានច្បាស់លាស់ដើម្បីមានវិធានការដោះស្រាយ។ ចំពោះក្រុមការងារចត្តាឡីស័កនៅតាមបណ្តាគោលដៅនានាក្នុងខេត្តត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩៕