ភ្នំពេញ ៖ ក្រសួងធនធាន ទឹកនិងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ សភាពការណ៍ទឹកតាមដងស្ទឹងព្រែកត្នោតមានការស្រកចុះខ្លះហើយ ដោយនៅលើសំណង់បង្ហៀរកម្ពស់ទឹក៦,៦០ម៉ែត្រលើបង្ហៀរ ថយចុះ០,០៧ម៉ែត្រ។ រីឯស្ថានភាពទឹកនៅតាមដងស្ទឹងចាប់ពីវត្តសាក់សំពៅទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ និងទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ។
ទន្ទឹមនោះក្រសួងធនធានទឹកបានអះអាងថា ទឹកមានការស្រកចុះយឺត អាចបណ្តាល មកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅ ដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន។
ដោយឡែកសកម្មភាពការងារនៅតែបន្តចុះតាមដានសភាពទឹកតាមដងស្ទឹង, ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ម៉ែត្រ, ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ) ដំឡើងកម្ពស់សណ្តលើតួទំនប់ចាស់, រៀបបាវខ្សាច់នៅមុខរោងចក្រ, បិទរូងនាគនៅតាមតួទំនប់ ព្រមទាំងបិទបំពង់ស្ថានីយបូមទឹកកុំឲ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ៕