ព័ត៌មានជាតិ

អភិបាលខេត្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ ដើម្បីត្រៀមបង្ការ និងដោះស្រាយទាន់ពេលវេលា ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក ដើម្បីត្រៀមកម្លាំងការពារ ទុកជាមុននូវគ្រោះមហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដោយជាយថាហេតុដូចបណ្តាខេត្តផ្សេងៗ។

ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរីរហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ និងផ្ទះសម្បែងមួយចំនួន នៅឃុំចំនួនបី គឺឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក និងឃុំមេម៉ង់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែមិនបណ្តាលឲ្យបាតបង់ដល់អាយុជីវិត និងខូចខាតដល់លំនៅដ្ឋាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ដោយឡែកស្ថានភាពទឹកដែលឡើងនៅតំបន់ទាំងនោះ គឺមានការស្រក់ចុះទៅវិញហើយ។

ឯកឧត្តមបញ្ជាក់ថា បើទោះបីជានៅតាមឃុំ/ស្រុក ដែលនៅតាមបណ្តោយអូរ ឫទន្លេ ក៏ដូចជាខេត្តទាំងមូល មិនទាន់ជួបបញ្ហាប្រឈមនូវគ្រោះទឹកជំនន់ ដូចបណ្តារាជធានីខេត្តផ្សេងៗក៏ពិតមែន តែយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត ក៏បានត្រៀមកម្លាំងចំនួនពីរក្រុម មានកម្លាំងស្នងការនគរបាលខេត្ត កម្លាំងអធិការស្រុក ប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារចំនួន ៦០នាក់ ប្រចាំការ នៅឃុំណង់ឃីលិក ស្រុកកោះញែក និងកម្លាំងស្នងការនគរបាលខេត្តចំនួន ២០នាក់ កម្លាំងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ចំនួន១០នាក់ ប្រចាំការ ដើម្បីត្រៀមចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានចូលរួមរំលែកទុក្ខគ្រួសារសព លោកយាយ ចាន់ បួរ មានព្រះជន្ម១០៤ឆ្នាំ មានជីវភាពខ្វះខាត ស្ថិតនៅភូមិជីមៀត នៅឃុំណង់ឃីលិក ថវិកាចំនួន ៨០ម៉ឺនរៀល និងប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង២ ខ្នងផ្ទះ ស្មើពីរគ្រួសារ នៅឃុំរយ៉ ក្នុងមួយគ្រួសារទទួលថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *