ខេត្តកែប ៖ សកម្មភាពចាក់ដីលប់សមុទ្រដើម្បីសាងសង់ជាផែចំណតជលយានយន្តនេសាទ ស្ថិតនៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពីសំណាក់លោក គង់ យន មានតួនាទីជាមន្ត្រីក្រុមប្រឹក្សាឃុំអង្កោល កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះត្រូវបានឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបញ្ជាឲ្យកាយចេញវិញឲ្យអស់ជាបន្ទាន់ ព្រោះតែពុំមានច្បាប់អនុញ្ញាត។ ប៉ុន្តែត្រូវបានលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបញ្ជាក់ប្រាប់ដល់ភ្នាក់ងារអង្គភាពព័ត៌មាន “ភ្នំពេញដេលី” កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា ផែលោក គង់ យន មានច្បាប់វិនិយោគរយៈវែងដែលទទួលស្គាល់ត្រឹមខេត្ត។
បើយោងតាមឯកសារពាក្យស្នើសុំ១ច្បាប់របស់លោក គង់ យន ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែបតាមរយៈលោកស្រីអភិបាលស្រុកដំណាក់ចង្អើរ, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប គឺមានកម្មវត្ថុសំណើសុំដាក់ទុវិនិយោគចំណតជលយានយន្តនេសាទព្រែកតានេន។ យោងលិខិតលេខ ២២៣៧ សហវ.អទច ចុះថ្ងៃទី២៨ ខែមីនា ឆ្នា២០១៧។
លិខិតស្នើសុំនេះមានខ្លឹមសារបន្តថា សេចក្តីដូចបានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្តមអភិបាលខេត្តមេត្តាជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជានេសាទក្នុងការចូលចតទូកនេសាទ ក៏ដូចជាលក់ដូរនូវផលរបររបស់ខ្លួន ខ្ញុំបាទសូមស្នើសុំការអនុញ្ញាតដាក់ទុនវិនិយោគ ដើម្បីសាងសង់ផែចំណតជលយានយន្តនេសាទព្រែកតានេន ដែលមានទីតាំងនៅ ភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយចំណាយដើមទុនសរុបចំនួន៦២០០០ដុល្លារ(ហុកសិបពីរពាន់ដុល្លារសហរដ្ឋអាមេរិក) និងស្នើសុំសិទ្ធិធ្វើអាជីវកម្មភាស៊ីចំណតជលយានយន្តនេសាទព្រែកតានេនរយៈពេល១៥ឆ្នាំ ដើម្បីបង់រំលោះទុកមកវិញ ព្រមទាំងបង់ចំណូលថវិកាខេត្តចំនួន ២.០០០.០០០រៀល (ពីរលានរៀលគត់)/ឆ្នាំ។
ដោយឡែកបើតាមលិខិត១ច្បាប់ទៀតរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែបគោរពជូនឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកែប គឺសូមគាំទ្រចំពោះការស្នើសុំដាក់ទុនវិនិយោគសម្រាប់បង្កើតជាផែចំណតជលយានយន្តនេសាទព្រែកតានេននេះ ព្រោះបានជួយដល់ប្រជានេសាទនូវកន្លែងចំណតសម្រាប់ចតទុកដាក់ទូក កាណូតនេសាទរបស់ប្រជានេសាទឲ្យមានសណ្តាប់ធ្នាប់ និងមានសុវត្ថិភាពក្នុងតំបន់ដែលបច្ចុប្បន្នកំពុងមានការខ្វះខាត និងបានរួមចំណែកអភិវឌ្ឍន៍ខេត្តពីវិស័យឯកជន។ ប៉ុន្តែក្នុងករណីមានការប្រើប្រាស់ទីតាំងកន្លែងផែចំណតសម្រាប់ជាកន្លែងប្រមូលទិញ លក់ចែកចាយផល ផលិតផល ជលផលជាលក្ខណៈសិប្បកម្ម ឬជាផែត្រី សូមឲ្យម្ចាស់សាម៉ីស្នើសុំការអនុញ្ញាត ពីការបង្កើតទីតាំងទិញ លក់ សន្និធិផល ផលិតផលជលផល ឬជាផែត្រីពីសមត្ថកិច្ចរដ្ឋបាលជលផលបន្ថែទៀតទើបមានលក្ខណៈត្រឹមត្រូវតាមច្បាប់។
លោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្ដេចបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន ភ្នំពេញដេលី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះថា ពាក់ព័ន្ធផែខាងលើនេះ លោកគ្រាន់តែបានលឺថា មានសុំច្បាប់វិនិយោគឆ្លងស្រុកចូលខេត្ត ប៉ុន្តែរហូតមកដល់ថ្ងៃនេះ និងម៉ោងនេះ លោកពុំទាន់ទទួលបានឯកសារណាមួយនៅឡើយទេ។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកែបបានប្រាប់ដល់ អង្គភាពព័ត៌មាន “ភ្នំពេញដេលី” តាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយបញ្ជាក់យ៉ាងដូច្នេះថា ពាក់ព័ន្ធផែលោក គង់ យន នោះមិនទាន់មានលក្ខណៈគ្រប់គ្រាន់អាចធ្វើអាជីវកម្ម និងដំណើរការវិនិយោគបានទេ ទាល់តែមានសេចក្តីសម្រេចចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបញ្ជាក់ថា លិខិតនេះគ្រាន់តែជាការស្នើសុំវិនិយោគ មិនមែនជាសេចក្តីសម្រេចអនុញ្ញាតឲ្យវិនិយោគឡើយ ហើយលោកក៏បានជំរុញឲ្យបំពេញនីតិវិធីច្បាប់ផងដែរ។
ចំណែកនាយករដ្ឋបាលសាលាខេត្ត លោក អ៊ឹង វុទ្ធី បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី”កាលពី២១ ខែតុលា ឆ្នាំ២០២០ថា លោកមិនទាន់បានទទួលព័ត៌មាននេះឲ្យគ្រប់ជ្រុងជ្រោយនៅឡើយទេ ពាក់ព័ន្ធនឹងឯកសារវិនិយោគរបស់ផែនេះ ហើយចំពោះការចាក់ដីចូលទៅក្នុងសមុទ្រនោះគ្មានច្បាប់អនុញ្ញាតទេ ទើបអភិបាលខេត្តបញ្ហាឲ្យកាយចេញវិញឲ្យអស់។
បើតាមមន្ត្រីផ្នែកច្បាប់វិនិយោគមួយរូបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះអះអាងថា លិខិតឯកសារវិនិយោគរបស់លោក គង់ យន មិនទាន់ជាលក្ខណៈច្បាប់នៅឡើយទេ វាគ្រាន់តែជាលិខិត ឬពាក្យស្នើសុំវិនិយោគប៉ុណ្ណោះ។ មន្ត្រីផ្នែកច្បាប់វិនិយោគរូបនេះបញ្ជាក់ឲ្យដឹងទៀតថា លិខិតរបស់លោក គង់ យន ជាលិខិតស្នើសុំវិនិយោគរយៈពេលវែង តែបើគិតពីរយៈពេលនៃការស្នើសុំវិនិយោគ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ជិតបំណាច់ឆ្នាំ២០២០នេះ សំណើទើបតែឆ្លងអភិបាលស្រុក មិនទាន់ឆ្លងដល់អភិបាលខេត្តនៅឡើយទេ។ ចំពោះការសម្រេចឯកភាព ឬមិនឯកភាពផ្តល់សិទ្ធិក្នុងការវិនិយោគ ជាតួនាទីរបស់ថ្នាក់ជាតិ (គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ )មិនមែនខេត្ត ឬស្រុកជាអ្នកសម្រេចនោះទេ។ សរុបសេចក្តីមកករណីសាងសង់កំពង់ផែរបស់លោក គង់ យន គឺជាករណីល្មើស ឬហៅថា ផែអនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាតសាងសង់។
មន្ត្រីអ្នកច្បាប់នៃប្រព័ន្ធតុលាការមួយរូបក្នុងលក្ខខណ្ឌសុំមិនឲយបញ្ចេញឈ្មោះដែរនោះនិយាយថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បឹងបួរ ព្រែក សមុទ្រ ភ្នំគឺជាសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះបុគ្គលដែលបំពាន ដោយគ្មានលិខិតអនុញ្ញាតត្រូវមានទោស។
ដូច្នេះបើតាមការបកស្រាយបញ្ជាក់ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធខាងលើបានន័យថា ការធ្វើអាជីវកម្មរបស់លោក គង់ យន នាពេលកន្លងមកនេះ គឺពុំទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ។
មជ្ឈដ្ឋានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនលើកឡើងថា ដោយខេត្តកែប ជាខេត្តជាប់មាត់សមុទ្រ មានឆ្នេរធំល្វឹងល្វើយ ទាក់ទាញដល់ភ្ញៀវទេសចរណ៍គ្រប់ទិសទីមកកំសាន្តនោះ ដូច្នេះអាជ្ញាធរខេត្ត គួរតែពិចារណាលើសំណើសុំវិនិយោគ សាង សង់ផែចំណតជលយានយន្តនេសាទ ដែលមានទីតាំងនៅចំណុចព្រែកតានេន ស្ថិតក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ត កែប ពីព្រោះអាចប៉ះពាល់ដល់បរិស្ថាន និងវិស័យទេសចរណ៍ ដែលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ខេត្តកែប ជាខេត្តដែលមានសម្រស់បៃតង សម្រាប់អភិវឌ្ឍន៍លើវិស័យទេសចរណ៍ដ៏ល្អប្រណីតនាពេលថ្ងៃអនាគត៕