ព័ត៌មានជាតិ

ឯកឧត្តម ជុំ កុសល ៖ អាជ្ញាធរដែលឆ្លាតត្រូវយកអ្នកសារព័ត៌មានធ្វើជាមិត្ត ជាសេនាធិការ ជាអ្នកនាំសារទើបក្តាប់ព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរបស់ខ្លួនបានច្បាស់

ភ្នំពេញ ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា អាជ្ញាធរដែលឆ្លាតត្រូវយកអ្នកសារព័ត៌មានធ្វើជាមិត្ត ជាសេនាធិការ ជាអ្នកនាំសារទើបក្តាប់ព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរបស់ខ្លួនបានច្បាស់។ សូមកុំចាត់ទុកអ្នកសារព័ត៌មានជាមនុស្សគួរឲ្យធុញអី។

បន្ទាប់ពីការបង្ហោះសារខាងលើបានធ្វើឲ្យមហាជន ពិសេសបណ្តាញអ្នកសារព័ត៌មាន មានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រចំពោះសារដ៏មានអត្ថន័យមួយនេះ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន មកលើអ្នកសារព័ត៌មានផងដែរ។

សូមបញ្ជាក់ថា នៅក្នុងជំនួបលើកទី៤ រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកូនក្មួយ អ្នកសារព័ត៌មាននៅឯមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការរិះគន់ស្ថាបនាទាំងកម្រិតគោលនយោបាយ ពិសេសការអនុវត្តរបស់ស្ថាប័ន និងរបស់បុគ្គល។ សម្តេចបញ្ជាក់ថា យើងបើកឱកាសឲ្យអ្នកសារព័ត៌មានដើម្បីអាចមានចំណែកចូលរួមយោបល់ក្នុងកម្រិតគោលនយោបាយ ហើយតាមដានត្រួតពិនិត្យទៅលើការអនុវត្តន៍ក្របខ័ណ្ឌគោលនយោបាយនោះ។

សម្តេចបន្តថា ចំណុចនេះអ្នកសារព័ត៌មានអាចចូលរួមដល់ការកែលម្អស្ថានភាពទាំងឡាយដែលជាតម្រូវការរបស់ប្រជាជនផងដែរ។ សម្តេចថា អ្នកសារព័ត៌មានដើរតួនាទីក្នុងការបញ្ជូនព័ត៌មានពីខាងលើទៅខាងក្រោម ពីក្រោមមកលើវិញប្រកបដោយសុចរិតភាព។

សម្តេចក៏បានថ្លែងផងដែរថា សូមកុំចាត់ទុកអ្នកសារព័ត៌មាជាសត្រូវ ផ្ទុយទៅវិញត្រូវចាត់ទុកអ្នកសារព័ត៌មានគឺជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន៕

pda

Leave a Reply

Your email address will not be published. Required fields are marked *