ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងវិស័យឌីជីថល កាន់តែរីកចម្រើនឡើង ហើយយើងនឹងឈានទៅអនុវត្តន៍នូវរដ្ឋាភិបាលឌីជីថល ជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអុីនធឺណិតនៃវត្ថុ (IoT)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (Cambodia Computer Emergency Response Team – CAMCERT) និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity) ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងវិស័យឌីជីថល កាន់តែរីកចម្រើនឡើង ហើយយើងនឹងឈានទៅអនុវត្តន៍នូវរដ្ឋាភិបាលឌីជីថល ជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអុីនធឺណិតនៃវត្ថុ (IoT) និងការចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យាដែលជំរុញនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ។ ដូច្នេះ សន្តិសុខព័ត៌មាន គឺជាបញ្ហាមួយដ៏មានសារៈសំខាន់ណាស់ ប្រសិនបើយើងមិនម្ចាស់ការលើបញ្ហានេះបានទេ ការជំរុញរដ្ឋាភិបាលឌីជីថល និង សេដ្ឋកិច្ចឌីជីថល គឺប្រាកដជាជួបនូវបញ្ហាប្រឈមជាមិនខាន។ លើសពីនេះទៅទៀត សេដ្ឋកិច្ចឌីជីថល ពិសេសពាណិជ្ជកម្មអេឡិកត្រូនិក និងការទូទាត់អនឡាញ ពុំទាន់បានដំណើរការទៅដោយរលូននៅឡើយ ដែលអាចបណ្តាលមកពីការព្រួយបារម្មណ៍ខ្លាចមានការវាយប្រហារពីអុីនធឺណិត និងការជ្រៀតចូលលួចយកព័ត៌មានជាដើម ដែលជាហេតុធ្វើឱ្យសកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិកនៅមានទំហំតូចនៅឡើយ។ ហេតុដូច្នេះ ពេលដែលយើងត្រូវការពង្រីក គឺយើងចាំបាច់ត្រូវតែពង្រឹងនូវបញ្ហាសន្តិសុខ និងសុវត្ថិភាពអុីនធឺណិតទាំងផ្នែកបច្ចេកទេស បទដ្ឋានគតិយុត្ត និងធនធានមនុស្ស។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក គឺចាប់ផ្តើមដំបូងតែងតែបង្កើតនូវយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CERT/CSIRT) ស្ទើរគ្រប់ប្រទេស ប៉ុន្តែតាមរយៈយន្តការនេះ ការងារគឺនៅមានកម្រិតទាបនៅឡើយ ដោយគ្រាន់តែធ្វើការសម្របសម្រួលដោះស្រាយឧប្បទេវេហតុសន្តិសុខអុីនធឺណិតតែប៉ុណ្ណោះ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលបណ្តាលមកពីការកើនឡើងនូវការវាយប្រហារពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យាកាន់តែមានលក្ខណៈធំទៅៗ និងស្មុគស្មាញផងនោះ ការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានលក្ខណៈថ្នាក់ជាតិត្រូវតែបង្កើតឡើង ដោយក្នុងនោះគឺត្រូវពង្រីកនូវវិសាលភាពអោយទូលំទូលាយជាងនេះទៀត ដោយធ្វើការរៀបចំច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីជំរុញអោយវិស័យឌីជីថល កាន់តែមានការរីកចម្រើន ទូលំទូលាយ សម្រាប់ប្រើគ្រប់វិស័យទាំងអស់ជាពិសេស សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល យើងត្រូវធ្វើយ៉ាងណាឱ្យមានភាពម្ចាស់ការលើបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕ ដោយលោក ឌឹម ឆុន

pda

Leave a Reply

Your email address will not be published. Required fields are marked *