ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះតាមរយៈទំព័រហ្វេសប៊ុកបានបង្ហាញនូវលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០។
ឯកឧត្តមរដ្ឋមន្រ្តីបង្ហាញថា ក្នុង១០ខែដើមឆ្នាំ២០២០នេះ សម្រេចបាន ៥៣៦ ៣០៥ តោន ដែលក្នុងនេះមាន ៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។ ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៤៧ ៥៣០ តោន ថយចុះចំនួន ១១ ៨២៤ តោន ស្មើនឹង -១៩,៩២% ធៀបទៅនឹងខែតុលា ឆ្នាំ២០១៩ ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១០ខែនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន២៩ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន១០ក្នុងចំណោម៧២ក្រុមហ៊ុនដែលបាននាំចេញអង្ករច្រើនជាងគេ។
សូមបញ្ជាក់ថា៖
ក) ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ៖ ១) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៧៤ ៣៩១ តោនកើនចំនួន ៣២,៥១%, ២) ប្រទេសចិនមានបរិមាណសរុបចំនួន ១៩៤ ៤៥១ តោន កើនឡើងចំនួន ៣៦,២៦%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧១ ៨៨២ តោន កើនឡើងចំនួន ១៣,៤០%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ប្រទេស មានបរិមាណសរុបចំនួន ៩៥ ៥៨១តោន បានកើនឡើងចំនួន១៧,៨៣%។
ខ) ការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល ៩ខែ២៨ថ្ងៃ ដើមឆ្នាំ២០២០ (មកទល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០) មានបរិមាណសរុបចំនួន ១ ៤២៧ ២២៦ តោន៕