ព័ត៌មានជាតិ

ចាប់សង្ឃក្លែងក្លាយ កាន់​ស្រោមសំបុត្រ​បុណ្យដើរ​រៃ​អង្គាស​ប្រាក់ពីប្រជាពលរដ្ឋកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​ចាប់​ឃាត់ខ្លួនបុរស​ម្នាកដែលបានក្លែងបន្លំ​ជា​ព្រះសង្ឃ​ពាក់​ស្បង់​ចីពរ ខណៈ​ដែល​រូបគេ​ដើរ​រៃ​អង្គាសប្រាក់​ខុស​ពី​ប្រក្រតី​តាម​ផ្ទះ និង​ទី​សាធារណៈ​​ដែលករណី​នេះ​ បាន​កើតឡើង​នៅរសៀលថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាល​សង្កាត់​បឹង​ត្របែកបាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​ក្លែងបន្លំ​ជា​ព្រះសង្ឃ​ពាក់​ស្បង់​ចីពរដើរ​រៃ​អង្គាសប្រាក់​ដែលត្រូវបានចាប់​ឃាត់ខ្លួន​មានឈ្មោះ អិន ទេព អាយុ​៣០​ឆ្នាំ មានមុខ​រប​រមិន​ពិតប្រាកដ ស្នាក់​នៅម្តុំ​ទួល​សង្កែ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ប្រភពបន្តថា មុន​ពេល​កើត​ហេតុ បុរស​ជា​ជនសង្ស័យ បាន​ពាក់​ស្បង់​ចីពរបានក្លែងបន្លំ​ជា​ព្រះសង្ឃ​កាន់​ស្រោមសំបុត្រ​បុណ្យ​ដើរ​រៃ​អង្គាស​លុយ​តាម​ផ្ទះ និង​តាម​ទី​សាធារណៈ​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុងទាំង​ថ្ងៃ​ ខុស​ពី​ព្រះសង្ឃ​ធម្មតា។ ដោយ​មានការ​សង្ស័យ​ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាន​ដកហូត​កាបូប​មាន​ទុក​ខោអាវ​ចំនួន​១​កំ​ប្លេ លាក់​ទុក​ក្នុង​ថង់យាម លុយ​ចំនួន​៨​ពាន់​រៀល ស្រោមសំបុត្រ​បុណ្យ​មួយ​ចំនួន​ផង​ដែរ​។ បុរស​ជា​ជនសង្ស័យ​ក៏​បាន​សារភាព​បន្ថែម​ទៀត​ថា ខ្លួន​គេ​ក៏​ធ្លាប់​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​មួយ​នៅ​ក្នុង​ខេត្តកំពត បាន​ចំនួន​១​វស្សា​ដែរ និង​បាន​សឹក​វិញ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ ទើបបាន​ស្លៀក​ស្បង់​ចីពរ​ដើរ​រៃ​អង្គាស​លុយ​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ស្លៀកពាក់​ធ្វើ​ជា​មនុស្ស​ធម្មតា​វិញ​។

សមត្ថកិច្ចបានឱ្យដឹងថា ជនក្លែងបន្លំជាសង្ឃបានធ្វើឱ្យខូចដល់ព្រះពុទ្ធសាសនា ទើបសម្រេចចាប់​ឱ្យស្លៀកពាក់​ខោអាវ​របស់​ខ្លួន​ជា​មនុស្ស​ធម្មតា និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​នីតិវិធីច្បាប់​​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *