ខេត្តពោធិសាត់:សមត្ថកិច្ចនគរបាលស្រុកក្រគរសហការជាមួយកម្លាំងប៉ុស្តិ៍,អាជ្ញាធរមូលដ្ឋានបានចុះដកហូតសម្ភារនិងឧបករណ៍ពាក់ព័ន្ធបទល្មើសនេសាទនៅទីតាំងមួយស្ថិតលើផ្ទះបណ្តែតទឹកបឹងទន្លេសាប ក្នុងភូមិទី៥ ឃុំកំពង់ហ្លួងស្រុកក្រគរខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០។
មន្ត្រីសមត្ថកិច្ចដែលចុះអនុវត្តការងារនេះបានឱ្យដឹងថាៈកម្លាំងបានចុះលើទីតាំង២កន្លែងទី១ត្រង់ចំណុចផ្ទះរបស់ឈ្មោះវិនយ៉ាំងទ្រីភេទប្រុសអាយុ៥៥ឆ្នាំជនជាតិវៀតណាម។នៅលើផ្ទះបណ្ដែតទឹកដែលស្ថិតនៅក្នុងភូមិទី៥ឃុំកំពង់ហ្លួងស្រុកក្រគរដកហូតបានមងសាច់កាវចំនួន១៣គីឡូក្រាមមងសាច់ស្បៃមុងចំនួន៨គីឡូក្រាម។ទីតាំងទី២ផ្ទះរបស់ឈ្មោះទីយ៉ុងភេទស្រីអាយុ៥៦ឆ្នាំជនជាតិវៀតណាមនៅលើផ្ទះបណ្ដែតទឹកស្ថិតនៅភូមិ-ឃុំជាមួយគ្នាដកហូតមងសាច់កាវចំនួន៤១គីឡូក្រាម ។
ប្រភពដដែលបានបន្តថាៈវត្ថុតាងទាំងនេះដកហូតនិងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ។ដោយឡែកម្ចាស់ផ្ទះដែលដាក់តាំងលក់នូវសម្ភារពាក់ព័ន្ធបទល្មើសនេសាទត្រូវបានធ្វើកំណត់ហេតុអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ឧបករណ៍នេសាទល្មើសច្បាប់តទៅទៀត៕