ភ្នំពេញ ៖ ខេត្តដែលចុះត្រជាក់ខ្លាំងជាងគេនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះ គឺខេត្តរតនគិរី និងមណ្ឌលគិរី ដែលមានសីតុណ្ហភាពអប្បបរមា ១៩អង្សារសេ។ នេះបើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។
បន្ទាប់មកគឺមានខេត្ត ឧត្តរមានជ័យ, សៀមរាប, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ ដែលមានសីតុណ្ហភាពអប្បបរមា ២២អង្សារសេ។ ដោយឡែករាជធានីភ្នំពេញ មានសីតុណ្ហភាពអប្បបរមា២៤អង្សារសេ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុកម្ពុជាពីថ្ងៃទី១១ ដល់ ១៧វិច្ឆិកា ឱ្យដឹងថា ព្យុះទី២២ ឈ្មោះ វ៉ាមកូ (VAMCO) នឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង ហើយវានឹងធ្វើដំណើរចូលដល់ភាគកណ្តាលវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា៕