ខេត្តមណ្ឌលគិរី ៖ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងស្វែងយល់ពីតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរង ក្រុមប្រឹក្សា មេឃុំ និងមន្ត្រីសាលាស្រុកអូររាំង ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ វេទិកានេះធ្វើឡើងនៅវិទ្យាល័យអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ឯកឧត្តម ម៉ែន ង៉ុយ បានឲ្យប្រជាពលរដ្ឋចេញមតិពីទុក្ខលំបាកពុកម៉ែបងប្អូនកូនក្មួយ នៅក្នុងស្រុកអូររាំង លោកស្រីឈ្មោះ សារឿ ស៊ីយេន បានសូមសំណូមពរដល់ឯកឧត្តមជួយរកដំណោះស្រាយដីចំនួន ៣៥ ហិតា ដែលឧកញ៉ាបានធ្វើប្លង់កម្មសិទ្ធិនៅលើដីរបស់ពួកគាត់ ។
ឯកឧត្តមបន្តថា បើមានការដោះដូរដី តើយល់ព្រមដែរឬទេ លោកស្រីបានបន្តថា មិនយល់ព្រមឯកភាពទេ ឯកឧត្តមបានបន្តថា បើបងប្អូនមិនយល់ព្រមទេ ឯកឧត្តម ក៍នឹងយករឿងនេះទៅពិភាក្សាជាមួយអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ហើយជូនដំណឹងនៅពេលក្រោយ។
លោក ចាស់ ម្លើង អតីតជានគរបាលបានចូលនិវត្តន៍បានសំណូមពរដល់ឯកឧត្តមថា គាត់បានយកឈើទៅធ្វើផ្ទះនៅចំណុចដីចំការ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដោយមានក្រុមគណៈកម្មការចម្រុះស្រុកអូររាំងទៅកាច់បង្គោលរបង និងយកឈើគ្រឿងផ្ទះដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង។ លោកបានសំណូមពរដល់ឯកឧត្តមសុំឈឺយកមកធ្វើផ្ទះវិញបើមិនឱ្យឈើមកវិញទេ នៅពេលក្រោយមាន វេទិកាសាធារណៈគាត់នឹងលើកឡើងជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ម៉ែន ង៉ុយ បានដាក់បទបញ្ជាដល់លោក សៀក មុន្នី អភិបាលស្រុកអូរាំងត្រូវគិតគូរដល់ប្រជាពលរដ្ឋដែលខ្វះខាត៕