ខេត្តស្វាយរៀង ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកធនាគារឯកជនហត្ថាកសិករត្រូវបានប្រទះឃើញស្លាប់ហើមរលួយស្អុយជាមួយនិងម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងពណ៌ខ្មៅ នៅក្នុងព្រៃដើមដង្ហិត ជាប់ដងផ្លូវជាតិលេខ១។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤៥នាទី។
ក្រោយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យដល់កន្លែងកើតហេតុឃើញថា សាកសពមានឈ្មោះ សុត ធួក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកធនាគារហត្ថាកសិករមានទីតាំងក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។សាកសព មានទីលំនៅភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាកសព មានសភាពហើមរលួយស្អុយមានដង្កូវចុះ និងមានស្នាមរលាត់ស្បែកក្បាលផ្នែកខាងក្រោយ (បាក់ក) ព្រមទាំងមានស្នាមរលាត់នៅឆ្អឹងជំនីផ្នែកឆ្វេង។
សំភាររបស់សាកសពមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងសេរីឆ្នាំ២០១៤ ផ្លាកលេខស្វាយរៀង១H.៦២៨១ ទូរស័ព្ទដៃពីរគ្រឿង នាឡិកាដៃមួយគ្រឿង និងប្រាក់ចំនួន១៧០០០រៀល។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបញ្ជាក់ថា:ឪ សាកសពឈ្មោះសុត ធួក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូខ្លួនឯង។
បច្ចុប្បន្នសាកសពសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅឈ្មោះ ងិន សុត ភេទប្រុស អាយុ៦៩ឆ្នាំត្រូវជាជីតាបង្កើតរបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕