បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានចុះពិនិត្យស្ថានភាពផ្លូវតំបន់ជនបទដើម្បីដាក់បញ្ចូលក្នុងគម្រោងស្តារនិងជួសជុលឡើងវិញក្រោយខូចខាតដោយទឹកជំនន់កន្លងមក។
លោកងួនរតនៈអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២០បានប្រាប់ឱ្យដឹងថា៖ការចុះពិនិត្យមើលស្ថានភាពផ្លូវក្នុងមូលដ្ឋានជាច្រើនខ្សែនេះក្នុងគោលបំណងដាក់បញ្ចូលលើគម្រោងស្នើថវិកាជាតិដើម្បីជួសជុលនិងស្ដារឡើងវិញនូវកំណាត់ផ្លូវក្នុងភូមិមួយចំនួន។ផ្លូវទាំងនេះបានរងខូចខាតដោយសារអាយុកាលផងនិងរងបំផ្លាញដោយសារទឹកជំនន់ទឹកភ្លៀងផងកាលពីថ្មីៗកន្លងមកនេះ។
គម្រោងខាងលើក៏ត្រូវបានដាក់បញ្ចូលកសាងផ្លូវចាក់កៅស៊ូប្រភេទDBSTផងដែរសំដៅលើកកម្ពស់សោភ័ណភាពផ្លូវក្នុងក្រុងរួមទាំងតំបន់ជនបទថែមទៀតឱ្យមានលក្ខណៈល្អប្រសើរឡើងវិញ។ដើម្បីងាយស្រួលដល់ការធ្វើដំណើរដឹកជញ្ជូនកសិផលឬទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋនិងម្យ៉ាងទៀតជាប្រយោជន៍ទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកទស្សនាក្នុងទឹកដីខេត្តបាត់ដំបងឱ្យកាន់តែច្រើនទ្វេឡើង។
លោកងួនរតនៈបានបន្តថា៖គម្រោងស្ដារជួសជុលនិងស្ថាបនាផ្លូវចាក់កៅស៊ូប្រភេទDBSTជំហានបន្តនេះមានប្រវែងសរុប:១២.០៩២ម៉ែត្រ។ផ្លូវនោះស្ថិតនៅចំណុចខាងលិចផ្សារបឹងរាំងតភ្ជាប់ពីភូមិបឹងរាំងទៅកាន់ភូមិដាក់សសរក្នុងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបង។ទីតាំង២កំណាត់ផ្លូវស្ថិតនៅក្នុងភូមិខ្សាច់ពោយនិងភូមិបល្ល័ង្គសង្កាត់វត្តគរក្រុងបាត់ដំបង។
ចំណែកឯផ្លូវក្រាលកៅស៊ូប្រភេទDBST១ខ្សែទៀតមានប្រវែង១.៥១២ម៉ែត្រចាប់ពីផ្លូវជាតិលេខ៥៧ ដល់ផ្លូវវាងក្រុងដែលទើបសាងសង់រួចប្រវែង២.៨៤៥ម៉ែត្រស្ថិតនៅក្នុងសង្កាត់វត្តគរក្រុងបាត់ដំបង៕