ព័ត៌មានជាតិ

ដំណឹង​ល្អ​៖​កម្ពុជា​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ឥតគិតថ្លៃ​

ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ណែ​នាំឱ្យ​ក្រសួងសុខាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​ត្រៀម​ថវិកា ដើម្បី​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​នេះ​បើ​យោងតាម​សម្តេច​តេ​ជោ​ហ៊ុនសែន​បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កនៅ​ល្ងាច​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ថា​៖”​កន្លងមក​ជាមួយនិង​ការតាមដាន​នូវ​ដំណើរ​ការផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​របស់​ប្រទេស​នានា​ខ្ញុំ​បាន​ណែនាំ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឱ្យ​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​នេះ​យកមក​ចាក់​ជូន​ប្រជាជន​យើង​ដោយ​ឥតគិតថ្លៃ​ជា​ជំហាន​ដំបូង​”​។​

​សម្តេច​តេ​ជោ​៖”​ពេលនេះ​ប្រទេស​មួយចំនួន​ផលិត​បាន​និង​ដាក់ឱ្យ​ប្រើប្រាស់​ហើយ​និង​កំពុង​បញ្ចេញ​លក់​ឱ្យ​ប្រទេស​នានា​ផងដែរ​។​ល្ងាច​នេះ​ខ្ញុំ​បាន​ណែ​នាំឱ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ពិសេស​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​កំណត់ថា​តើ​យើង​គួរ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ណា​?”

​សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់ថា​៖​សម្តេច​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​ការទិញ​១​លាន​ដូ​ស​ក្នុងដំណាក់កាល​ដំបូង​ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់​និង​អ្នក​ដែលមាន​ហានិភ័យ​។​មួយ​លាន​ដូ​ស​ចាក់​បានត្រឹមតែ​មនុស្ស​៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ​ព្រោះ​ម្នាក់​ត្រូវ​ការចាក់​២​ដង​។​ក្នុងពេល​យើង​មាន​ប្រជាជន​១៦​លាន​នាក់​ទាំងចាស់ទាំងក្មេង​ដែល​ក្នុងនោះ​អាចមាន​មនុស្ស​ប្រមាណ​១០​លាន​នាក់​ត្រូវ​ការចាក់​វ៉ាក់សាំង​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ក្នុងស្ថានភាព​ដែល​កម្ពុជា​នៅ​ក្រ​ខ្វះ​ថវិកា​សម្រាប់​ទិញ​បន្ថែម សម្តេច​បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប​ឱ្យ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី​ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មកជួយ​ដល់​ប្រជាជន​។​

​សម្តេច​តេ​ជោ​៖​សង្ឃឹមថា​ដៃគូ​អភិវឌ្ឍន៍​នឹង​ផ្តល់ជំនួយ​ដល់​ប្រជាជន​ឬ​យ៉ាងហោច​លក់​ក្នុង​តម្លៃថោក​សមរម្យ​។​ក្នុងនោះ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​២​ទៅ​៣​លាន​ដូ​ស​ថែមទៀត​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​នេះ​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *