សៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកាលពីរសៀលថ្ងៃទី៨ខែធ្នូឆ្នាំ២០២០នេះបានសហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋានចុះឆែកឆេរទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែងដកហូតម៉ូតូមិនមានលិខិតសម្គាល់ចំនួន២០គ្រឿង។
លោកវរសេនីយ៍ឯកហង្សសូផាតភីរម្យនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ការបង្ក្រាបនេះគឺ មានការសហករណ៍ជាមួយ អធិការនគរបាលក្រុង ប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិល និងប៉ុស្តិ៍នគរបាលសង្កាត់គោកចក។
ក្នុងនោះសង្កាត់ទឹកវិលចំនួនពីរទីតាំងដែលគ្មានច្បាប់និងអញ្ញាប័ណ្ណទទួលបញ្ចាំ ។ ទីតាំង ទីមួយ ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រីអាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះដួងហេងអាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិ ប្រិយ៍ចាស់ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដកហូតម៉ូតូ បានចំនួន ៧គ្រឿងដែល ខុស ប្រក្រតី។
ទីតាំង ទី២ម្ចាស់ ឈ្មោះ ស៊ីម ប៊ុនណាត ភេទស្រីអាយុ៤៨ឆ្នាំ មានទីតាំង នៅភូមិជ័យ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដក ហូត ម៉ូតូ ខុស ប្រក្រតី ចំនួន ៣គ្រឿង។ ឯទីតាំង ទី៣មានម្ចាស់ ឈ្មោះ ស៊ឹង នួម ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិ នគរក្រៅសង្កាត់ គោកចកក្រុងសៀមរាប ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន ១០គ្រឿង ។
លោកនាយការិយាល័យបញ្ជាក់ថា ចំពោះម្ចាស់ទីតាំង មកទល់រសៀលថ្ងៃទី៩ខែធ្នូនេះ សមត្ថកិច្ច កំពុងសាកសួរនិងស៊ើបអង្កេតនៅឡើយ។ប្រសិនបើការស៊ើបអង្កេតឃើញថាមិនមានជាប់ពាក់ពន្ធ័និងការទទួលផលចោរកម្មនោះ និងអប់រុំធ្វើកិច្ចសន្យា។ ប៉ុន្តែបើមានពាក់ព័ន្ធនិងការទទួលផលចោរកម្ម នោះនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់ម៉ូតូសូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាបដោយភ្ជាប់ជាមួយឯកសារឲ្យបានត្រឹមត្រូវ។
ចំពោះព័ត៌មានខាងលើនេះដែរមហាជនបានសម្តែងការសប្បាយរីករាយខណៈដែលសមត្ថកិច្ចខេត្តសៀមរាបបានចុះពិនិត្យទីតាំងទទួលបញ្ចាំដែលមានភាពមិនប្រក្រតី ហើយអនុវត្តផ្លូវច្បាប់ដោយសុក្រិដ ក្នុងការបង្ការទប់ស្កាត់នូវរាល់បទល្មើស៕