ព័ត៌មានជាតិ

ចិនធ្វើតេស្តរកវីរុសកូវីដ-១៩​ លើមនុស្សជាង២៥ម៉ឺននាក់ ​បន្ទាប់ពីមានករណីឆ្លងជាចង្កោមថ្មីលេចឡើង

ចិន ៖ ប្រទេសចិនបានធ្វើតេស្តរកវីរុសកូវីដ-១៩​ លើមនុស្សជាង២៥ម៉ឺននាក់​ បន្ទាប់ពីករណីឆ្លងថ្មីមួយចំនួនត្រូវបានរកឃើញនៅទីក្រុងឆេងឌូ​ ស្ថិតនៅភាគខាងត្បូងប្រទេសចិន។

ក្រុមមន្ត្រីសុខាភិបាលមូលដ្ឋានបាននិយាយថា គូស្វាមីភរិយាវ័យចំណាស់មួយគូត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩​ នៅដើមសប្ដាហ៍នេះ​ ហើយអាជ្ញាធរកំពុងតាមរកអ្នកដែលបានប៉ះពាល់ពួកគេ​ និងកំពុងធ្វើតេស្តសំណាកដែលយកចេញពីចំណីអាហារ។ ក្រុមមន្ត្រីថា​ ដានវីរុសកូវីដ-១៩​ ត្រូវបានរកឃើញនៅលើម្ហូបអាហារដែលទុកនៅក្នុងទូរទឹកកករបស់គូស្វាមីភរិយាចំណាស់នោះ​ និងនៅលើជ្រញ់នៅក្នុងផ្ទះល្វែងរបស់ពួកគេ។

គណៈកម្មការសុខាភិបាលក្រុងឆេងឌូ​ បានប្រកាសថា​ គិតត្រឹមថ្ងៃអង្គារ​ អ្នកស្រុកចំនួន​ ២៥៥.២០០នាក់នៅក្នុងទីក្រុងនេះត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩​ ដោយមានករណីវិជ្ជមានចំនួន៦នាក់​។

យោងតាមអាជ្ញាធរមូលដ្ឋាន​សាលារៀន​ និងថ្នាក់មតេយ្យក្នុងសង្កាត់ពិឌូ​ (Pidu) ជាកន្លែងដែលករណីឆ្លងបានលេចឡើងនោះ​ ត្រូវបានបិទ​ ហើយសិស្ស​ និងគ្រូបង្រៀន​ត្រូវបានដាក់ឲ្យនៅក្រោមវិធានការចត្តាឡីស័ក​ និងធ្វើតេស្តរកវីរុសនេះ។

អង្គការសុខភាពពិភពលោកបានប្រកាសថា​ បច្ចុប្បន្ននេះមិនមានព័ស្ដុតាងណាមួយដែលបញ្ជាក់ថា​ មនុស្សអាចឆ្លងវីរុសកូវីដ-១៩ ពីចំណីអាហារ​ ឬកញ្ចប់ម្ហូបអាហារឡើយ៕

 

pda

Leave a Reply

Your email address will not be published. Required fields are marked *