ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវលេខ១១២២ ដែលតភ្ជាប់ពីផ្លូវលេខ១១២ (សេតេ) មកកាន់ចុងផ្លូវលេខ៨០០ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យមើលសកម្មភាពការអ៊ុតប៉េទីម ស្ថិតនៅលើផ្លូវពូឡូវ៉ៃ ផ្លូវលេខ៣០០ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុនៅព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ ។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានណែនាំទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដាឲ្យមានគុណភាពល្អ និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស ជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរ ចំពោះការចាក់អ៊ុតបេទីមនេះ គឺក្រុមហ៊ុនទាំង៣នឹងប្រើពេលវេលារយៈពេល៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕