ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌ពីព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុងស្រុកទាំង៨

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំង សមាជិក សមាជិការ នៃ គណៈកម្មាធិការសាខា បាន ទទួលអំណោយមនុស្សធម៌ពីព្រះសុទ្ធិញាណ មុំ សយ ព្រះរាជា គណៈ ថ្នាក់ កិត្តយស ព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុង ស្រុកទាំង ៨  បាននាំយកនូវមូលនិធិ រួមមានថវិកា ៣,១០០,០០០ រៀល អង្ករចំនួន ១,១០០ គ.ក្រ និងសម្ភារប្រើប្រាស់ចម្រុះ ១៤ មុខ ដល់សាខា ដើម្បីត្រៀម បង្ការ សម្រាប់ចែកជូនដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយនៅតាមក្រុង ស្រុក។

ដែលនេះជាកាយវិការដ៍ប្រពៃក្នុងការរួមចំណែកសកម្មភាពមនុស្សធម៌ ហើយសម្ភារទាំងអស់នេះសាខា នឹងប្រគល់ជូនទៅអនុសាខា ក្រុង ស្រុក ដែលបច្ចយប្បន្ន មានធនធានតិចតួចចំនួន៣ គឺ៖ អនុសាខាក្រុង ស្វាយរៀង ស្រុកកំពង់រោទិ៍ និងស្រុកស្វាយទាប ដើម្បីត្រៀមឆ្លើយតប ដល់ ជនងាយរងគ្រោះ និង រងគ្រោះមហន្តរាយនៅតាមមូលដ្ឋានរបស់ខ្លួន ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅ បំផុតចំពោះ ទឹក ព្រះទ័យដ៏ថ្លៃថ្លារបស់ ព្រះសង្ឃគ្រប់អង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយក អំណោយទាំងនេះទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតកំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ព្រមទាំង ថ្នាក់ដឹកនាំ និងសហការីនៃសាខា កាកបាទ ក្រហម កម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្សរីកចម្រើនតរៀងទៅ។ ទន្ទឹមនោះ ឯកឧត្តមសន្យាថា អំណោយទាំងអស់នេះសាខានឹងធ្វើការបែងចែក ជូន ដល់ដៃប្រជាពលរដ្ឋ ដែលរងគ្រោះ គ្រប់ៗគ្នាឲ្យបានទាន់ ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យ របស់ព្រះអង្គជាម្ចាស់ទេយ្យទាន៕

pda

Leave a Reply

Your email address will not be published. Required fields are marked *