ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយមានអ្នកចូលរួម សរុបប្រមាណ១៣០រូប។
ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្ដល់កិត្តិយសបំពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្ត ចំនួន៤រូប រួមមាន ៖ ទី១-ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប ,ទី២-ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្តកណ្ដាល ,ទី៣-ឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការខេត្តស្ទឹងត្រែង និងទី៤-ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំដែលពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវទិសដៅស្រួចទៅលើការឯកភាពគ្នា ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំសភាពការណ៍ និងរបាយការណ៍ ដើម្បីសម្ដៅចាត់វិធានការឲ្យមានប្រសិទ្ធភាព។ អ្វីដែលសំខាន់ក្នុងការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន គឺការស្ដារកិត្តិយសរបស់ប្រទេសកម្ពុជា និងរំដោះជនរងគ្រោះចេញពីអំពើជួញដូរ ហើយរឿងដាក់ចំណាត់ថ្នាក់ជារឿងផ្សេងមួយដោយឡែក។ នេះជាការគូសបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន។
គួរជម្រាបថា យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផល នៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន នៅឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។
សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ លើ២២៤នាក់ ក្នុងនោះមានស្ត្រី ៧២នាក់ ក្នុងនោះជនសង្ស័យជាអនីតិជន ចំនួន ១១នាក់ និងជនបរទេសចំនួន ៤០នាក់ មាន៧សញ្ជាតិ។
សង្គ្រោះជនរងគ្រោះបានចំនួន ៤៥៦ លើ២៣០នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១៤១នាក់អាយុ ១៥ ដល់១៧ឆ្នាំ មាន៥៥នាក់ និងអាយុ ១៨ឆ្នាំឡើងទៅ ២៦០នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចចំនួន ១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញចំនួន ២៩១នាក់)៕