ខេត្តព្រះវិហារ៖លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីមកជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០។
លោកប្រាក់សុវណ្ណបានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរនូវសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ។
នាឱកាសនោះដែរលោកអភិបាលខេត្តព្រះវិហារបានជម្រុញដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទ។ក្នុងនោះបទល្មើសធនធានធម្មជាតិមាន៖ការរុករករ៉ែដោយខុសច្បាប់,ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត,និងការកាប់រានទន្ទ្រានដីព្រៃដោយខុសច្បាប់ជាដើម។
អភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរភូមិឃុំកុំឱ្យធ្វេសប្រហែសក្នុងការបង្ការនិងទប់ស្កាត់ជំងឺម្ងឺកូវីដ-១៩។ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយជាច្រើនរួចហើយនៅក្នុងភូមិឃុំស្រុកយើងមិនមានអ្នកកើតជំងឺនេះក៏ដោយ។តែយើងមិនត្រូវមើលស្រាលចំពោះជំងឺនេះទេ។
អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ,ទឹកដោះគោ, ប៊ីចេង, ស្ករសរ និងថវិកាមួយចំនួន៕