ព័ត៌មានជាតិ

អ្នកក្រុង​កំពត​ត្រៀម​ជួបជុំ​ឆ្លង​ឆ្នាំ​សកល​ទោះ​រដ្ឋបាលខេត្ត​ព្រួយបារម្ភ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក្តី

ខេត្តកំពត​៖​ទោះបី​រដ្ឋបាលខេត្ត​បាន​ក្រើនរំលឹក​ថ្នាក់​នាំ​មន្ទីរ​អង្គភាព​អាជ្ញាធរ​ក្រុង​ស្រុក​ឱ្យ​បង្កើន​ការណែនាំ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បញ្ចៀស​ពី​ការជួបជុំ​ទ្រង់ទ្រាយ​ធំក្តី​។​តែ​ការត្រៀម​លក្ខណៈ​របស់​អ្នកក្រុង​កំពត​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​សម្រាប់​ការរាប់​វិនាទី​ថយក្រោយ​នៃ​ឆ្នាំ​ចាស់​ហាក់​មាន​ភាពប្រក្រតី​។


​លោក​វ៉ិ​ត​វ​ឌ្ឍ​នា​នាយក​រដ្ឋបាល​សាលា​ខេត្តកំពត​បានបញ្ជាក់​ថា​៖​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ​រដ្ឋបាលខេត្ត​មិនមាន​កម្មវិធី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​និង​ទីសាធារណៈ​នានា​ក្នុង​ក្រុង​កំពត​ដូច​ឆ្នាំមុន​ទេ​។

​កិច្ចប្រជុំ​មួយ​ដែល​បាន​ធ្វើឡើង​នាពេល​ថ្មីៗ​នេះ​លោក​អភិបាលខេត្ត​បាន​រំលឹក​ថ្នាក់​នាំ​មន្ទីរ​អង្គភាព​អាជ្ញាធរ​ក្រុង​ស្រុក​បង្កើន​ការណែនាំ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បញ្ចៀស​ពី​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​ឱ្យបាន​ដាច់ខាត​។​និយាយ​រួម​គឺ​មិន​អនុញ្ញាតឱ្យ​មា​ការប្រមូលផ្តុំ​ដើម្បី​ធ្វើ​ពិធី​រាប់​វិនាទី​ថយក្រោយ​(CountDown)​នោះឡើយ​។

​លោកនាយក​រដ្ឋបាល​បាន​បន្តថា​ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​មកជួបជុំ​ជា​លក្ខណៈ​គ្រួសារ​នៅតាម​សួនច្បារ​ឬ​ទីសាធារណៈ​នានា​នោះ​មន្ត្រី​ក្នុង​ដែន​សមត្ថកិច្ច​ត្រូវ​ចុះ​ណែនាំ​បងប្អូន​អនុវត្ត​ឱ្យបាន​នូវ​ចំណាត់​ការដែល​បានដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ក៏ដូចជា​វិធានការ​របស់​ក្រសួងសុខាភិបាល​ដូចជា​ការលាង​សម្អាត​ដៃ ពាក់​ម៉ាស់​ការពារ និង​រក្សា​គម្លាត​បុគ្គល​ជាដើម​។​

​ទោះជា​បែប​នោះ​ក្តី​គេ​សង្កេតឃើញថា​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៣១​ខែធ្នូ​នេះ​សកម្មភាព​នៃ​ការ​ក្រាលកន្ទេល​ឬ​កំណាត់​តង់​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​សម្រាប់​ការជួបជុំ​បានធ្វើ​ឡើងជា​ប្រក្រតី​ដូច​បណ្តា​ឆ្នាំមុនៗ​ដដែល​។ ដោយឡែក​នៅតាម​ដងផ្លូវ​ដែល​ធ្លាប់​កកស្ទះ​ពេល​ពិធី​បុណ្យទាន​ផ្សេងៗ ក៏មាន​ការបង្កើន​កម្លាំង​សមត្ថកិច្ច​និង​រៀបចំ​កំណត់​ផ្លូវ​សម្រាប់​យានយន្ត​ដើម្បី​សម្រួលការ​ធ្វើចរាចរ​ផងដែរ​។​


​សូម​រំលឹកថា រយៈពេល​មួយថ្ងៃ​ដោយ​គិត​ចាប់ពី​ព្រឹក​ព្រលឹម​រហូតដល់​រំលងអធ្រាត្រ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​បានមក​កម្សាន្ត​សប្បាយ​នៅ​ខេត្តកំពត ពិសេស​រមណីយដ្ឋាន​បូកគោ និង​ក្នុង​ក្រុង​កំពត​មាន​ប្រមាណ​ជិត​១៣​ម៉ឺន​នាក់​៕​

pda

Leave a Reply

Your email address will not be published. Required fields are marked *