ខេត្តក្រចេះ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះដោះស្រាយជំលោះដីធ្លីថ្នាក់ខេត្ត ហេីយមានការសម្របសម្រួលពីព្រះរាជ្ញារងនៃសាលាដំបូងខេត្តក្រចេះ បានដឹក នាំកម្លាំងរួមមាន មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ អជ្ញាធរដែនដីភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល និងក្រុមការងារចុះទៅអនុវត្តវិធានការជាក់ស្ដែងដល់ទីតាំងដែលជនខិលខូចចូលទន្រ្ទានកាន់កាប់ដីរបស់រដ្ឋដែលបានផ្ដល់សិទ្ធសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនការម៉ាដេនូ វេនឈ័រ ខេមបូឌា លីមីធីត និងក្រុមហ៊ុនអេហ្គ្រីន អ៊ិនខេ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសំបូរ។
មុនចុះប្រតិបត្តិការមានកិច្ចប្រជុំនៅសាលាស្រុកសំបូរដើម្បីដាក់ វិធានការ ដោយឯកឧត្តម គង់ គឹមនី បានបញ្ជាក់ឲ្យដឹងថានៅក្នុងប្រតិបត្តិការចុះបង្ក្រាប ទប់ស្កាត់នៃការចូលទន្រ្ទានកាន់កាប់ដីរបស់រដ្ឋដែលបានផ្ដល់សិទ្ធសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុននេះ។ មិនមែនជាការបំរើផល ប្រយោជន៏ឲ្យទៅក្រុមហ៊ុនណាមួយនោះទេ គឺជាវិធានការនៃការគ្រប់គ្រង ថែរក្សាមិនឲ្យបាត់បង់អចលនវត្ថុដែលជាកម្មសិទ្ធិរបស់រដ្ឋ ។ជាការគ្រប់គ្រងឲ្យបាននូវផ្ទៃដីរបស់រដ្ឋ និងជាការពិនិត្យ ស្រាវជ្រាវទីតាំងដីដែលប្រជាពលរដ្ឋបានចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងជាការទប់ស្កាត់ និងបង្ក្រាប វែកមុខរកជនខិលខូចដែលញុះញង់ឲ្យប្រជាពលរដ្ឋចូល រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋទាំងបំពានច្បាប់ ដើម្បីនាំខ្លួនទៅអនុវត្តន៍តាមច្បាប់ ដោយមិនត្រូវលើកលែងឲ្យជនទាំងនោះជាដាច់ខាត។
ឯកឧត្ដមបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើល ប្រសិនបើប្រជាពលរដ្ឋ ខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងឃុំ-ស្រុក។ ម៉្យាងវិញទៀតអាជ្ញាធរភូមិ ឃុំ និងម្ចាស់ក្រុមហ៊ុនខិតខំចុះពិនិត្យតាមដានជាប្រចាំនៅព្រុំដីរបស់ខ្លួន។ កុំឲ្យកើតមានឡើងនូវការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ ជនខិលខូចមួយចំនួន ។ និងខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់លាស់ ពីទោសទ័ណ្ឌ នៃការកាប់រានព្រៃឬ ដុតឆ្ការព្រៃ ជាដីរដ្ឋដោយខុសច្បាប់ យកមកធ្វេីជាកម្មសិទ្ធរបស់ខ្លួន។ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានចុះប្រតិបត្តិការដោយកំណត់គោលដៅចុះអនុវត្តបីទីតាំង ។
ទីតាំងទី១ ៖ ត្រង់ចំណុច ២០២ស្ថិតនៅក្នុងភូមិកោះច្បារ ឃុំកោះខ្ញែរមានផ្ទៃដី៥០០ ហិកតាត្រូវបាន ជនខិលខូច បាន ដាំបង្គោល ហ៊ុមបន្លាលួសជុំវិញជាដីព្រៃ ។
ទីតាំងទី២ ៖ ចំណុច២៦៩ស្ថិតនៅក្នុងភូមិអន្លងកេស ឃុំកោះខ្ញែរមានផ្ទៃដី១០ហិកតាត្រូវបានជនខិលខូចទន្ទ្រានដាំដំណាំស្វាយចន្ទី ១ហិកតា និងសង់ខ្ទមចាំចំការមួយ។
ទីតាំង ទី៣៖ ចំណុច២០២ភូមិស្រែរាល ភូមិតាណឹង ឃុំក្បាលដំរី ផ្ទៃដីប្រហែល១ហិកតាត្រូវបានជនខិលខូច បានដាំបង្គោលរបងព័ទ្ធជុំវិញ ហើយធ្វើស្រែ ដាំដំណាំ និងសង់ខ្ទម ចាំដី។
ជាលទ្ធផលក្រុមការងារបានចុះរុះរើរបងព័ទ្ធដីព្រៃ រុះរើសសំណង់ជារោងចាំដី និងភ្ជួរចោលកូនស្វាយចន្ទីរដាំលើផ្ទៃដី ទំហំ១ហិកតា និងធ្វើការប្រគល់ជូនក្រុមហ៊ុនដើម្បីដាំដុះកសិផលបន្ត និងបន្តស្រាវជ្រាវរកឈ្មោះ រកទីលំនៅជនចូលទន្ទ្រានកាន់កាប់ដីព្រៃ និងឲ្យក្រុមហ៊ុនធ្វើការសម្អាតផ្ទៃដីដែល នៅសេសសល់ ស្របច្បាប់ដែលរដ្ឋប្រគល់ជូននោះ ដើម្បីដាំដុះកសិផលរបស់ខ្លួន និងគ្រប់គ្រងផ្ទៃដីឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់៕