ក្រចេះ៖រថយន្តសាំយ៉ុងច្នៃដឹកឈើប្រភេទគ្រឿងផ្ទះប្រមាណជាង២០ម៉ែត្រគូបចេញពីតំបន់ព្រៃឡង់ឆ្លងតាមខេត្តក្រចេះឆ្ពោះទៅស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំត្រូវសមត្ថកិច្ចចុះទៅបង្ក្រាប។ប៉ុន្តែបែរជាឈ្មួញខាងលើនាំគ្នាតតាំងប្រឆាំងទៅលើសមត្ថកិច្ចវិញ។ករណីនេះបានកើតឡើងនៅថ្ងៃទី៥ខែមករាឆ្នាំ២០២១។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ឈ្មួញមួយក្រុមដឹកឈើគ្មានច្បាប់ចេញពីតំបន់ព្រៃឡង់ក្នុងស្រុកសំបូរឆ្លងកាត់ស្រុកព្រែកប្រសព្វខេត្តក្រចេះបន្តឆ្លងកាត់ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដើម្បីទៅលក់នៅទីផ្សារគោលដៅ។
អ្នកសារព័ត៌មានមួយក្រុមបានចុះទៅផ្ដិតរូបភាពនៅភូមិសាស្ត្រក្នុងខេត្តត្បូងឃ្មុំនិងបានរាយការណ៍ជូនសមត្ថកិច្ចកងរាជអាវុធហត្ថចុះទៅបង្ក្រាបរថយន្តច្នៃដឹកឈើទាំងពីរគ្រឿងនោះ។ក៏ប៉ុន្តែឈ្មួញលើកគ្នាជាច្រើននាក់មកជេរប្រមាថគំរាមទៅលើសមត្ថកិច្ច។ឃើញស្ថានភាពមិនស្រួលសមត្ថកិច្ចនិងអ្នកសារព័ត៌មានក៏បានដកថយទៅវិញ។
ប្រភពរាយការណ៍បានឱ្យដឹងទៀតថា៖ឈ្មួញមួយក្រុមទាំងនោះបានប្រើអំណាចអ្នកធំនៅក្នុងខេត្តត្បូងឃ្មុំមកជេរប្រមាថគំរាមដោយពាក្យសំដីបន្លាចសមត្ថកិច្ចពេលចុះទៅបង្ក្រាបរថយន្តដឹកឈើខុសច្បាប់៕