ខេត្តព្រះវិហារ៖លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា”ទិវាជ័យជម្នះថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២នៃប្រជាពលរដ្ឋខ្មែរ។ដូច្នេះសូមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារ សុខសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ”។
លោករំលឹកថា៖បើក្រឡេកមើលរយៈពេល៤២ឆ្នាំមុនប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជួបបានប្រទះហើយគឺមហាសែនលំបាកវេទនាខ្លោចផ្សារណាស់ពីកាប់សម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ក្រុមរបបវាលពិឃាតប៉ុលពតរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។
ការលើកឡើងបែបនេះក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាតរួមមាន ស្ត្រីមេម៉ាយ ក្មេងកំព្រាជនពិការចាស់ជរាគ្មានទីពឹងនៅឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២១នេះ។
លោកប្រាក់សុវណ្ណក៏បន្តដឹកនាំក្រុមការងារខេត្តស្រុកនិងសមត្ថកិច្ចពាក់ព័ន្ធអញ្ជើញទៅធ្វើពិធីបួងសួងនៅមុខរួបសំណាកលោកតាឌីនៅលើកំពុលភ្នំប្រាសាទព្រះវិហារដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ថ្នាក់ដឹកនាំប្រទេសនិងបងប្អូនប្រជាពលរដ្ឋខ្មែរ។ក្នុងនោះបានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធយុទ្ធជនយុទ្ធនារីក្លាហានដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មៅងងឹតមកទល់បច្ចុប្បន្ននេះ៕