ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញ បញ្ហា និងសំណូមពររបស់ក្រុមទទួលបន្ទុកនីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវទាំង៣៨ខែ្សនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទៈខ្ពស់និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានប្រកាសសមាសភាពថ្នាក់ដឹកនាំក្រសួង ក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការចំនួនបួនរូបដែលទើបទទួលការតែងតាំងពីព្រះមហាក្សត្រ ដែលថ្នាក់ដឹកនាំទាំងបួនរូបនោះគឺជាអតីតមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានចំណេះដឹង បទពិសោធន៍ និងស្នាដៃខ្ពស់ក្នុងការងារសាធារណការ ដើម្បីរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាបឲ្យកាន់តែមានគុណភាពខ្ពស់ និងសម្រេចតាមផែនការដែលបានគ្រោងទុក។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះអង្គភាពទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងមានទំនួនខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណីការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែ សម្រួលឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ៕