ព័ត៌មានជាតិ

គណៈកម្មការទី៧រដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាលការបើកបវេសនកាលថ្មី

ភ្នំពេញ ៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាលការបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសហការ និងចូលរួមអនុវត្តការងារស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក។

ឯកឧត្តមបន្តថា បើទោះជាការអនុវត្តផែនការដែលក្រសួងបានដាក់ចេញអាចជួបការលំបាក ប៉ុន្តែគណៈកម្មការទី៧ សូមលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់បន្តការយោគយល់ និងសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដារ «SOP» របស់ក្រសួង និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ដំណើរការសិក្សាឆ្នាំថ្មី ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សានានាទូទាំងប្រទេសអាចប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា។

ជាមួយគ្នានោះ ឯកឧត្តមបានសន្យាថា គណៈកម្មការទី៧ នឹងនៅបន្តគាំទ្រ ពិភាក្សារួមគ្នា ចុះពិនិត្យក្នុងមូលដ្ឋានជាក់ស្តែង ដើម្បីលើកទឹកចិត្ត និងផ្តល់យោបល់ ជាធាតុចូលបន្ថែមក្នុងគោលដៅការរួមគ្នាសម្រេចបាននៅចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើកំណែទម្រង់ថ្នាក់ជាតិលើវិស័យអប់រំ ស្របតាមបរិបទសកល ជាពិសេសការវិវត្តន៍នៃបដិវត្តឧស្សាហកម្មជំហានទី៤៕

pda

Leave a Reply

Your email address will not be published. Required fields are marked *