ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិ​កម្មពិនិត្យកសិ​ដ្ឋា​នចិញ្ចឹមត្រីប្រាពោ​អណ្តែងនិងត្រីឆ្តោ​កម្មវិធីទី២

នៅខេត្តកំពចាមដដែល ចេញពីស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី លោក និងសហការី បានបន្តមក ពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រាពោអណ្តែង និងត្រីឆ្តោ របស់លោក លក លឿង (លេខទំនាក់ទំនង ០៩៧ ៤៤៤៤ ៩៩៩) ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ។ លោក លក លឿងបានឲ្យ ដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១១ លើផ្ទៃដី ៣ហ.ត ទទួលបានផល៣០ តោន/ឆ្នាំ។ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោដែលបានជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រីគ្រប់ប្រភេទពិសេសត្រីអណ្តែងនិងកង្កែបដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ និងចំណាត់ការចុងក្រោយរបស់ឯកឧត្តមរដ្ឋមន្រ្តីបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្អាកការនាំចូលត្រីពីប្រទេសជិតខាងនិងទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្នកសិដ្ឋានពង្រីកស្រះចិញ្ចឹមបាន ៤៤ លើផ្ទៃដី ២៧ហ.ត គ្រោងចិញ្ចឹមឲ្យបាន ៩៥០-១០០០តោន/ឆ្នាំ និងឡើងដល់ ២៥០០ តោន/ឆ្នាំ ក្នុងឆ្នាំ២០២៣។ ជាក់ស្តែងនៅប៉ុន្មានខែខាងមុខកសិដ្ឋានគ្រោងចាប់ត្រីចម្រុះចំនួន ១០០តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។ មានមតិសំណេះសំណាលជាមួយវារីវប្បករនៅទូទាំងស្រុក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់វារីវប្បករដែលបានអត់ធ្មត់ ស៊ូទ្រាំ និងឆ្លងកាត់បញ្ហាយ៉ាងលំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យម្ហូប អាហារដែលប្រើប្រាស់ផលពីវារីវប្បកម្មក្នុងស្រុក ជាហេតុធ្វើឲ្យបរិមាណផ្គត់ផ្គង់លើសពីតម្រូវការ នាំឲ្យតម្លៃត្រីធ្លាក់ចុះដោយស្វ័យប្រវត្តិ។ ហេតុផលដ៏ចំបងនេះ ក្រសួងបានសម្រេចផ្អាកការនាំចូលផលត្រីដើម្បីពង្រីកផលិតកម្មក្នុងស្រុក និងទ្រទ្រង់តម្លៃត្រីឡើងវិញ ហើយចំណាត់ការនេះទទួល ការគាំទ្រ សាទរ និងអរគុណពីវារីវប្បករនៅទូទាំងប្រទេស។ ឆ្លៀតយកឱកាសនេះ លោកបានណែ នាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឲ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមាន។ បន្តបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ ឆ្លើយតបតាមស្តង់ដានាំចេញ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាងហើយបានអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្ម ឲ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍លើវិស័យនេះ ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀងផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩។ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនបងប្អូនវារីវប្បករដែលមានវត្តមាននៅទីនេះ និងនៅទូទាំងប្រទេសថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងពិភាក្សាជាមួយវិនិយោគិនធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លីដើម្បីជំរុញការនាំចេញកសិផល តាមរយ:ការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។ លោកសង្ឃឹម និងជឿជាក់ថា នៅពេលតំបន់នេះកើតឡើង នោះវានឹងជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរមិនតែប៉ុណ្ណោះវាក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *