ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុស្នើសុំមេឃុំ ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាង បំផុសប្រជាពលរដ្ឋ បើមានក្រុមគ្រួសារណាមកពីប្រទេសថៃ សូមរាយការណ៍មកមេភូមិ ឃុំ សង្កាត់ ដើម្បីយកពួកគាត់ធ្វើចក្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយត្រូវយកប្រជាពលរដ្ឋជាភ្នែក ច្រមុះ ដើម្បីយើងប្រមូលព័ត៌មាននៅក្នុងមូលដ្ឋាន។

ការស្នើរបស់ឯកឧត្តមបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅរសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ទាំង២៩ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង១៦ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានផ្ទុះក្នុងសហគមន៍នៅប្រទេសជិតខាងរបស់យើង វាក៏អាចគំរាមកំហែងដល់ប្រទេសកម្ពុជាផងដែរ។ យើងមានពលកររាប់ម៉ឺននាក់ដែរធ្វើការនៅប្រទេសថៃ ហើយមានពលករមួយចំនួនបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

ឯកឧត្តមអភិបាលបានបន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់កម្លាំងសរុប ក្នុងការគ្រប់គ្រងធ្វើចក្តាឡីស័ក នៅតាមព្រំដែន និងបានធ្វើការដឹកជញ្ជូនពលកររបស់យើងមកកាន់ក្រុង.ស្រុកវិញប្រកបដោយជោគជ័យដោយមិនមានការឆ្លងចូលក្នុងសហគមន៍នោះទេ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលមានការព្រួយបារម្ភនៃការវិលត្រឡប់មកពីប្រទេសថៃ របស់ពលកររបស់យើង បានដាក់ចេញនូវវិធានការគ្រប់គ្រងទទួលបានជោគជ័យ ដូច្នេះយើងត្រូវបន្តការគ្រប់គ្រងអ្នកដែលចូលមកតាមច្រករបៀងដោយខុសច្បាប់។  ម្យ៉ាងទៀតមណ្ឌលសុខភាពចូលរួមសហការជាមួយអាជ្ញាធរ ឃុំ សង្កាត់ ព្រោះមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពពួកគាត់បានបណ្តុះ បណ្តាលក្នុងការយកសំណាកជំងឺកូវីដ-១៩។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំមេឃុំ ចៅសង្កាត់បង្កើនស្មារតីទទួលខុសត្រូវ ប្រមូលព័ត៌មានឱ្យបានជាប់ជាប្រចាំ ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍។ ព្រមទាំងឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកធ្វើរបាយការណ៍ទីតាំងរបស់ខ្លួន ក្នុងការរៀបចំធ្វើរបង ដើម្បីការពារសុវត្ថិភាពមន្ត្រីរបស់យើងនៅតាមមណ្ឌលសុខភាពនីមួយៗ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្តល់ថវិកាដល់អភិបាលក្រុង.ស្រុកទាំង៥ ក្នុងមួយក្រុង ស្រុក ទទួលបាននូវថវិកា ១០លានរៀល មន្ទីរសុខាភិបាលខេត្ត ១០លានរៀល មន្ទីរពេទ្យបង្អែកខេត្ត ១០លានរៀល មណ្ឌលសុខភាព១៦ ក្នុងមួយមណ្ឌល ៥លានរៀល សាលាឃុំ.សង្កាត់ ២៩ ក្នុងមួយឃុំ.សង្កាត់ ៥លានរៀលផងដែរ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *